ជប៉ុន មានរដ្ឋមន្ត្រី៣រូប លាលែងចេញពីតំណែង ក្នុងពេលមិនដល់មួយខែ

(តូក្យូ)៖ រដ្ឋមន្រ្តីមហាផ្ទៃជប៉ុន លោក មីណូរុ តេរ៉ាដា (Minoru Terada) បានសម្រេចចិត្តលាលែងពីតំណែងហើយ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ក្រោយផ្ទុះរឿងអាស្រូវហិរញ្ញវត្ថុ ហើយលោកបានក្លាយជារដ្ឋមន្ត្រីទី៣ ដែលត្រូវចាកចេញពីគណៈរដ្ឋមន្ត្រីជប៉ុនក្នុងរយៈពេលតិចជាងមួយខែប៉ុណ្ណោះ ស្របពេល ប្រជាប្រិយភាពរបស់លោកនាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៉ិដា (Fumio Kishida) កំពុងធ្លាក់ចុះស្រាប់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។


លោក មីណូរុ តេរ៉ាដា (Minoru Terada) ដែលកំពុងរងការរិះគន់ចំពោះរឿងអាស្រូវជាច្រើន ដែលក្រុមគាំទ្ររបស់លោកបានក្លែងបន្លំហត្ថលេខាលើឯកសារផ្តល់ មូលនិធិ បានដាក់លិខិតសុំលាលែងពីតំណែង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា លោកនាយករដ្ឋមន្ត្រី គីស៉ិដា កំពុងរៀបចំបណ្តេញរូបលោកចេញតំណែង។
ទូរទស្សន៍ NHK បានឲ្យដឹងថា លោក គីស៉ិដា ទំនងជានឹងតែងតាំង លោក តាកេអាគិ ម៉ាតស៊ូម៉ូតូ (Takeaki Matsumoto) ដែលជាអតីតរដ្ឋមន្ត្រីការបរទេស ឲ្យមកជំនួសតំណែងរបស់លោក តេរ៉េដា៕