(សៀមរាប)៖ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា តំណាងកម្ពុជាប្រចាំអាយឆា និងជាប្រធានអាយឆាឆ្នាំ២០២២ បានដឹកនាំគណៈប្រតិ ភូអាយឆា ជួបប្រជុំដាច់ដោយឡែកមួយ ជាមួយក្រុមការងារអង្គការសហប្រជាជាតិ ដឹកនាំដោយ លោកស្រី Cynthia Veliko តំណាងប្រចាំតំបន់អាស៊ីអគ្នេយ៍ នៃការិយាល័យឧត្តមស្នងការសិទ្ធិ មនុស្សអង្គការសហប្រជាជាតិ ក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង អាយឆា និងអង្គការសហប្រជាជាតិ សំដៅធ្វើការការពារ និងលើកកម្ពស់សិទ្ធិមនុស្សក្នុងតំបន់ អាស៊ាន។
កិច្ចពិភាក្សានេះ បានធ្វើនារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួល បន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) ដែលមានរយៈពេល២ ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារ អេមព្រីស អង្គរ ខេត្តសៀមរាប។
កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម កែវ រ៉េមី និងមានការចូលរួមពីតំណាងប្រទេសជាសមាជិក អាស៊ាន ទាំងអស់ប្រចាំអាយឆា និងលេខាធិការដ្ឋានអាស៊ានផងដែរ។
កិច្ចប្រជុំនេះ នឹងធ្វើការពិនិត្យទៅលើ ខ្លឹមសារនៃសេចក្ដីព្រាងរបាយការណ៍មួយចំនួន ពាក់ព័ន្ធទៅ នឹងកិច្ចប្រជុំរបស់អាយឆា កិច្ចជំនួបនានារវាងអាយឆាជាមួយភាគីពាក់ព័ន្ធ និងកម្មវិធីផ្សេងៗ ដែល បានរៀបចំនាពេលកន្លងមក។
បន្ថែមលើនេះ កិច្ចប្រជុំក៏បានពិភាក្សាទៅលើវឌ្ឍនភាពនៃឯកសារ ទស្សនទាន សកម្មភាព និង របាយការណ៍នៃសកម្មភាព/កម្មវិធីមួយចំនួនរបស់អាយឆា ដែលពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេក វិទ្យាព័ត៌មាន និងទូរគមនាគមន៍ ក្នុងការលើកកម្ពស់និងការពារសិទ្ធិសុខភាព សិទ្ធិទទួលបានទឹក ស្អាតនិងអនាម័យ អន្តរសាសនា ការវាយតម្លៃលើផលប៉ះពាល់បរិស្ថានដោយផ្អែក លើអភិក្រមសិទ្ធិ មនុស្ស និងការបញ្ជ្រាបសិទ្ធិជនមានពិការភាព។
នៅថ្ងៃបញ្ចប់នៃកិច្ចប្រជុំ ក៏នឹងមានពិធីផ្ទេរតួនាទីជាប្រធានអាយឆាឆ្នាំ២០២២ ពី អាយឆា-កម្ពុជា ទៅឱ្យ អាយឆា-ឥណ្ឌូនេស៊ី ជាប្រធានក្នុងឆ្នាំ២០២៣៕