(កណ្ដាល)៖ ស្មៀនសាលាសង្កាត់តាខ្មៅ លោក សុខ សុផា ត្រូវបានមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយកម្លាំងនគរបាលខេត្តកណ្ដាល ចុះឃាត់ខ្លួន ពាក់ព័ន្ធករណីកិបកេងលុយពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ-១៩។
ការចាប់ខ្លួននេះ ធ្វើឡើងនៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដឹកនាំដោយលោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម។
សមត្ថកិច្ចបានបញ្ជាក់ថា ស្មៀនសង្កាត់តាខ្មៅ បានធ្វើការមិនប្រក្រតីទៅលើប័ណ្ណចំនួន១៨ ដែលលួចដកហូតប្រាក់សម្រាប់ការចាយវាយខ្លួនឯង ដែលកិច្ចការនេះប្រជាពលរដ្ឋបានប្ដឹងទៅក្រសួងសង្គមកិច្ច ហើយលោក ឈួរ សុបញ្ញា ក៏បានចុះមកអង្កេត និងរកឃើញថា លោកស្មៀនពិតជាបានប្រព្រឹត្តកំហុសពិតមែន។
ភ្លាមៗនោះលោក ឈួរ សុបញ្ញា បានបង្គាប់ឲ្យកម្លាំងសមត្ថកិច្ចឃាត់ខ្លួនលោកស្មៀនសង្កាត់តាខ្មៅភ្លាមៗ និងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដើម្បីចាត់ការតាមនីតិវិធី។ រហូតមកដល់ពេលនេះ សមត្ថកិច្ចកំពុងតែកោះហៅជនរងគ្រោះមកសួរនាំអំពីករណីនេះ ដោយធ្វើការហ្មត់ចត់លើរឿងនេះជាបន្តបន្ទាប់៕