លោក ចូ បៃដិន កោះប្រជុំបន្ទាន់ជាមួយសម្ព័ន្ធមិត្ត G7 ក្រោយការវាយប្រហារដោយមីស៊ីលលើប៉ូឡូញ

 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២​ បានបញ្ជាក់ថា សេតវិមាន បានឱ្យដឹងថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និង មេដឹកនាំ G7 ដទៃទៀតនឹងបើកកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃពុធនេះដើម្បីពិភាក្សា ពីការវាយប្រហារ ដោយមីស៊ីលមួយគ្រាប់លើទឹកដីប៉ូឡូញដែលជាសមាជិក NATO ខណៈមានការព្រួយបារម្ភកាន់ តែខ្លាំងដោយខ្លាចថាជម្លោះអាចនឹងរាលដាលចូលទឹកដី NATO​។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សេតវិមានបានគូសបញ្ជាក់ថាកិច្ចប្រជុំបន្ទាន់តុមូល នឹងត្រូវធ្វើ ឡើងជាបន្ទាន់នៅថ្ងៃពុធនេះរវាងមេដឹកនាំ G7 រួមមាន ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក ខណៈមេដឹកនាំទាំងនេះកំពុងចូលរួមកិច្ចប្រជុំកំពូល G20 ​នៅ​កោះបាលី ប្រទេសឥណ្ឌូណេស៊ី។

គួរបញ្ជាក់ថា ប៉ូឡូញ ដែលជាសមាជិកបក្សសម្ព័ន្ធយោធាណាតូ (NATO) នៅថ្ងៃពុធនេះបានអះអាង ថាមីស៊ីលមួយគ្រាប់ផលិតដោយរុស្ស៉ី បានធ្លាក់ចំតំបន់ភាគខាងកើត នៃប្រទេសរបស់ខ្លួន ស្ថិតនៅ ក្បែរព្រំដែនជាមួយអ៊ុយក្រែន។ មីស៊ីលមួយគ្រាប់នេះបានធ្លាក់ចំភូមិ ផ្សេវ៉ូដូវ (Przewodow) ស្ថិត នៅភាគខាងកើតប្រទេសប៉ូឡូញ នៅចម្ងាយប្រហែល ៦គីឡូម៉ែត្រពី ព្រំដែនអ៊ុយក្រែន នៅម៉ោង ៣៖៤០នាទីរសៀលកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយបានផ្ដាច់ជីវិតមនុស្ស២នាក់។

ប៉ូឡូញ ក៏បានកោះហៅអគ្គរដ្ឋទូតរុស្ស៉ីប្រចាំទីក្រុងវ៉ាសូវី មកសួរនាំផងដែរ ក្រោយទីក្រុងមូស្គូប ដិសេធថាខ្លួនមិនមែនជាអ្នកបាញ់មីស៊ីលនេះឡើយ។ រីឯសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោក ខាងលិច បាននិយាយថាពួកគេកំពុងបើកការស៊ើបអង្កេត ដោយមិនទាន់អាចបញ្ជាក់ថាតើនរណាជា អ្នកនៅពីក្រោយ ការវាយប្រហារនេះនៅឡើយទេ៕