(វ៉ាស៊ីនតោន)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ អោយដឹងថា ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលអាមេរិក ហៅកាត់ ថា CIA បានព្រមានរុស្ស៊ីប្រឆាំងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹង ប្រែងរបស់រដ្ឋបាលលោក បៃដិន ដើម្បីកាត់បន្ថយការគំរាមកំហែងក្នុងសង្គ្រាមនៅអ៊ុយក្រែន ។
ក្នុងជំនួបប្រជុំទល់មុខគ្នាជាមួយ លោក សឺហ្គៃ ណារីសគីន (Sergei Naryshkin) ប្រធានទីភ្នាក់ងារ ចារកម្មបរទេសរបស់រុស្ស៉ី នៅឯប្រទេសតួកគី កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក វីលៀម ជេ បឺនស៍ (William J. Burns) ប្រមុខ CIA បានកត់សម្គាល់ថា កិច្ចប្រជុំនេះមិនមែនជាការប៉ុនប៉ងចរចាជា មួយរុស្ស៊ីដើម្បីបញ្ចប់សង្គ្រាមទេ ព្រោះគ្មានការចរចាសន្តិភាពណាមួយ នឹងត្រូវបានធ្វើឡើងដោយ គ្មានការចូលរួមពីរដ្ឋាភិបាលអ៊ុយក្រែននោះឡើយ។ ផ្ទុយទៅវិញ ការពិភាក្សាត្រូវបានផ្តោតស្ទើរតែ ទាំងស្រុង លើការកើនឡើងនៃការគំរាមកំហែងនុយក្លេអ៊ែរ។
មេដឹកនាំអាមេរិក និងអឺរ៉ុប មានគោលដៅរក្សាស្ថានការណ៍សង្រ្គាមដែលមានចំពោះអ៊ុយក្រែន និងរារាំងប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ឬអាវុធ ប្រល័យលោកផ្សេងទៀត៕