អ៊ុយក្រែន សាទរចំពោះការប្រឆាំងរបស់ប្រទេសចិន លើការគំរាមកំហែងនុយក្លេអ៊ែរ

 (កៀវ)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានអោយដឹងថា អ៊ុយក្រែន បានស្វាគមន៍ការអត្ថាធិប្បាយរបស់ចិនដែលបានរិះគន់ការ គំរាមកំហែង ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ខណៈដែលមេដឹកនាំ G20 កំពុងជួបប្រជុំគ្នានៅ ឥណ្ឌូណេស៊ី នាថ្ងៃអង្គារនេះ ហើយបញ្ហារុស្ស៊ីឈ្លានពានអ៊ុយក្រែនក៏ស្ថិតក្រោមការយកចិត្តទុកដាក់ ។ សេតវិមាន បានឲ្យដឹងថា ជំនួបលើកដំបូងនៅឥណ្ឌូណេស៉ី ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានគូសបញ្ជាក់ពីការប្រឆាំងចំពោះការប្រើប្រាស់ ឬការគំរាមកំហែងដោយនុយក្លេអ៊ែរ នៅអ៊ុយក្រែន។ រីឯសេចក្តីថ្លែងការស្តីពីជំនួបនៃមេដឹកនាំទាំងពីរ របស់ក្រសួងការបរទេសចិន មិនបានប្រើពាក្យ «នុយក្លេអ៊ែរ» ទេ ប៉ុន្តែបាននិយាយថា «ជម្លោះនិង សង្រ្គាមមិនបង្កើតឲ្យមានអ្នកឈ្នះឡើយ ហើយការប្រឈមមុខដាក់គ្នារវាងប្រទេសធំៗ ជារឿងដែល ត្រូវតែជៀសវាង»។

ថ្លែងចេញពីទីក្រុងខឺសុន លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា « វាជារឿងដ៏សំខាន់ដែលសហ រដ្ឋអាមេរិក និងចិន បានគូសបញ្ជាក់រួមគ្នាថា ការគំរាមកំហែងនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺមិនអាចទទួលយកបាន។ ហើយគ្រប់គ្នាច្បាស់ជាយល់ថាពាក្យទាំងនេះ ចង់សំដៅដល់នរណា»។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងម្តងហើយម្តងទៀតថា រុស្ស៊ី អាចប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន ដែលលោកខាងលិច ហៅថា ជាការគំរាមកំហែងជាក់ស្តែង លើទឹកដីដែលក្រុងមូស្គូកាត់យកពីអ៊ុយក្រែនដោយខុសច្បាប់៕