ក្រុមរុករកប្រទះឃើញរូបចម្លាក់តោថ្មបុរាណចំនួន៤ដែលកប់ក្នុងដីរាប់ពាន់ឆ្នាំនៅស្រុកថ្មពួក

បន្ទាយមានជ័យ ៖ រូបចម្លាក់តោថ្មចំនួន៤ ដែលកប់ជ្រៅទៅក្នុងដីរាប់ពាន់ឆ្នាំត្រូវបាក្រុមការងាររុករកប្រទះឃើញនៅក្បែរកំពង់ទឹកបុរាណមួយកន្លែង នៅខាងជើងស្ពាន ភ្ជាប់និស្ស័យបារាយណ៍មេបុណ្យ ស្ថិតក្នុងភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ការប្រទះឃើញតោថ្មបុរាណនេះ ខណៈពេលដែលក្រុមជាងសហគមន៍ប្រាសាទបន្ទាយឆ្មារ បានធ្វើការកាយ រៀបចំតំបន់ទេសចរណ៍ នៅតំបន់នោះក្រោមការឧបត្ថម្ភពី លោកជំទាវម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ។

ជុំវិញការប្រទះឃើញនេះ លោក ម៉ៅ ស៊ី ប្រធានសហគមន៍ប្រាសាទបន្ទាយឆ្មារ បានឲ្យដឹងថា៖ រូបចម្លាក់តោថ្មទាំង៤នេះ ត្រូវបានក្រុមជាងសហគមន៍ប្រាសាទបន្ទាយឆ្មារ ធ្វើការកាយកែលម្អរសោភ័ណភាពបារាយណ៍មេបុណ្យនៅកំពង់បុរាណចាស់ក៏ប្រទះឃើញជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី០២-០៣ ខែកុម្ភៈឆ្នាំ២០២០ ជាបន្តបន្ទាប់ ។រូបចម្លាក់សត្វតោទាំង៤នោះមានមួយនៅរក្សាបាននូវសោភ័ណភាពល្អទាំងស្រុង ។
លោក ម៉ៅ ស៊ី បានបញ្ជាក់ថា ៖ រូបចម្លាក់តោថ្មទាំងនេះ គឺត្រូវបានកសាងឡើងតាមរចនាប័ទ្មនាសម័យអង្គរ ធ្វើអំពីថ្មភក់ ដែលរូបតោនីមួយៗមានទម្ងន់ជាង ១តោន ។

សូមបញ្ជាក់ថា ក្រោយពីបានធ្វើកំណាយ និងស្ទួចយកចេញពីក្រោមដីរួចមក នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានដឹកនាំក្រុមការងារ រៀបចំធ្វើពិធីក្រុងពាលី សែនព្រេន បួងសួង ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនដល់ប្រជាពលរដ្ឋខ្មែរទូទាំងនគរផងដែរ៕