ក្រសួងកសិកម្ម បង្កើនការធ្វើវារីវប្បកម្មទាំងទឹកសាប និងទឹកប្រៃ ឲ្យបាន២០ភាគរយក្នុងមួយឆ្នាំ

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានអះអាងថា ក្រសួងនឹងខិតខំជំរុញវារីវប្បកម្មទាំងទឹកសាប និងទឹកប្រៃឲ្យបាន២០ភាគរយក្នុងមួយឆ្នាំ ដើម្បីបំពេញសេចក្តីត្រូវការទីផ្សារក្នុងស្រុក។ ការពឹងផ្អែកទៅលើទិន្នផលធម្មជាតិ មិនអាចបំពេញសេចក្តីត្រូវការនៃកំណើនប្រជាពលរដ្ឋបានទេ។

នៅក្នុងសន្និសីទកាសែតនៅទីស្តីការគណៈរដ្ឋមមន្ត្រី ស្តីពីភាពរីកចំរើន និងវឌ្ឍនភាពរបស់ក្រសួងកសិកម្ម នៅព្រឹកថ្ងៃទី០៣ កុម្ភៈ លោក ស្រី វុឌ្ឍី អគ្គលេខា នៃអគ្គលេខាធិការដ្ឋានក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បាន បញ្ជាក់ថា ទិន្នផលត្រីទឹកសាប និងទឹកប្រៃ មិនអាចបំពេញតម្រូវការប្រជាពលរដ្ឋ ដែលចេះតែមានកំណើនពី មួយថ្ងៃទៅមួយថ្ងៃបានទេ ព្រោះត្រីទឹក សាបមានចំនួនតិចតួចជាងឆ្នាំមុនៗ។ ក្នុងមួយឆ្នាំ កម្ពុជា អាចប្រមូលផលទិន្នផលត្រីបានប្រមាណ៦០ម៉ឺនតោន ប៉ុន្តែចំនួននេះ មិនអាចបំពេញតម្រូវការ កំណើនប្រជាជនបានទេ។ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ បានបញ្ជាក់ថា ក្រសួងនឹងខិតខំជំរុញការធ្វើវារីវប្បកម្មទាំងទឹកសាប និងទឹកប្រៃឲ្យបាន ចន្លោះពី១៥ ទៅ២០ភាគរយក្នុងមួយឆ្នាំ ពោលគឺនឹងបង្កើនពីជាង២៩ម៉ឺនតោន ក្នុងឆ្នាំ២០១៩ ឲ្យដល់ជិត៦២ម៉ឺនតោនក្នុងឆ្នាំ២០២៣។

បើតាមរបាយការណ៏របស់ក្រសួងកសិកម្ម បានបង្ហាញថា វិស័យកសិកម្ម បានរួមចំណែកក្នុងសេដ្ឋកិច្ចចំនួន២៣,៥ភាគរយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ ទិន្នផលដំណាំផ្សេងៗក្នុងឆ្នាំ២០១៩កន្លងទៅបានថយចុះធៀបទៅនឹងឆ្នាំ២០១៨ ដោយសាររងនូវផលប៉ះពាល់ដោយសារបញ្ហាអាកាសធាតុ មានទាំងទឹកជំនន់ និងគ្រោះរាំងស្ងួត គ្រាន់តែទិន្នផលស្រូវរងនូវការខូចខាតមានចំនួនជាង៦ម៉ឺន៧ពាន់ហិចតា។ ឆ្នាំ២០១៩កន្លងទៅ កម្ពុជាផលិតស្រូវបានជាង១០ លាន៨សែនតោន ហើយមានអតិរេកស្រូវចំនួន៥លាន៧សែនតោន មានថយ ចុះបន្តិចបន្តួចធៀបទៅនឹងឆ្នាំ២០១៨។ ក្នុងឆ្នាំ២០១៩ កន្លងទៅ ផលដំណាំ របស់កម្ពុជា បាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ មានប្រមាណជិត៥លានតោន ក្នុងនោះនាំចេញអង្ករផ្លូវការបានប្រមាណ៦២ម៉ឺនតោនទៅកាន់៥៩ប្រទេស ក្នុងនោះចិនស្រូបយក៤០ភាគរយ អឺរ៉ុប៣២ភាគរយ អាស៊ាន១៣ភាគរយ និងទីផ្សារដទៃទៀតចំនួន១៣ភាគរយ៕