ឯកឧត្តម បណ្ឌិត គង់ ភោគ លើកឡើងថា ទោះបីគ្មានមីយ៉ាន់ម៉ា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ក៏មិនប៉ះពាល់ដល់កុងសង់ស៊ីស


(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត គង់ ភោគ អ្នកនាំពាក្យផ្លូវការ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំ ពាក់ព័ន្ធ ឆ្នាំ២០២២នេះ បានលើកឡើងថា ទោះបីគ្មានមីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ក៏មិនប៉ះពាល់ដល់គោលការណ៍កុងសង់ស៊ីសដែរ។

ពេលធ្វើសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត គង់ ភោគ បានពន្យល់ថា មិនប៉ះពាល់គោលការណ៍កុងសង់ស៉ី ទោះគ្មានវត្តមានមីយ៉ាន់ម៉ា ដោយសារ អាស៊ានបានអញ្ជើញតំណាងមិនមែនកម្រិតនយោបាយ មកចូលរួមប្រជុំ តែមីយ៉ាន់ម៉ាខ្លួនឯងជា អ្នកពហិការ។ ឯកឧត្តម បន្តថា ការអញ្ជើញកម្រិតមិនមែននយោបាយ ដោយសារប្រទេសសមាជិក អាស៊ាន យល់ឃើញថា វឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀង ៥ចំណុច របស់មីយ៉ាន់ម៉ា នៅមាន កម្រិតតិចតួច។

អ្នកនាំពាក្យបានបញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងបញ្ហាតំណាងមិនមែនមីយ៉ាន់ម៉ា ដោយសារតែ មិនមើលឃើញពីការរីកចម្រើនទៅដល់កម្រិត ដែលធ្វើឲ្យប្រទេសសមាជិកផ្សេងទៀត គាត់មាន អារម្មណ៍ថា តំណាងនយោបាយគួរតែចូល យើងបន្តអញ្ជើញតំណាងមិនមែននយោបាយពីមីយ៉ាន់ ម៉ា។ ដោយសារតែយើងអញ្ជើញកម្រិតមិនមែននយោបាយ គាត់ក៏សម្រេចចិត្តមិនបញ្ជូននរណា មកចូលរួមក្នុងកិច្ចប្រជុំនេះដែរ។ ប៉ុន្តែ កៅអីមីយ៉ាន់ម៉ានៅដដែល ទង់ជាតិមីយ៉ាន់ម៉ានៅដដែល។ ដូច្នេះ អ្វីដែលយើងមើលលើស្ថានភាពនេះ គឺគាត់មិនបានមកដោយខ្លួនឯង ដោយសារតែជាការ សម្រេចចិត្តរបស់គាត់ ប៉ុន្តែយើងបានអញ្ជើញហើយ។ ដូច្នេះ នៅក្នុងការមើលឃើញរបស់យើង គឺថា នៅតែជារូបភាពនៃកុងសង់ស៉ីស នៃប្រទេសជាសមាជិក ទាំង១០ លុះត្រាណាតែយើងមិនបាន អញ្ជើញគាត់ ឲ្យចូលរួម។ ដូច្នេះ កន្លែងនេះខ្ញុំគិតថា វាគួរតែគ្រប់គ្រាន់ ដើម្បីជាមូលដ្ឋានក្នុងការឲ្យ ប្រទេសអាស៊ាន ធ្វើការសម្រេចចិត្តពាក់ព័ន្ធនឹងការជំរុញ របៀបវារៈរបស់យើងទៅមុខ»។

កិច្ចព្រមព្រៀង ៥ចំណុចរបស់អាស៊ាន ត្រូវបានដាក់ចេញ ក្នុងជំនួបកំពូលពិសេស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគោល ការណ៍ទាំង ៥ចំណុចនេះ រួមមាន៖

ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវ បង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។

ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែង រកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។

ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀប ចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។

ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA។

ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយ ភាគីពាក់ព័ន្ធទាំងអស់៕