រដ្ឋមន្ត្រី ថោង ខុនលើកឡើងថា ៣ថ្ងៃនៃបុណ្យអុំទូក កម្ពុជាទទួលបានភ្ញៀវទេសចរ២លាន៥សែននាក់

 (ភ្នំពេញ)៖ នាឱកាសថ្ងៃឈប់រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ត្រូវនឹងថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប ២,៥៧៨,៨៣៨នាក់ ក្នុងនោះភ្ញៀវជាតិ២,៥៤៥,១៦១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៣,៦៧៧ នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្តម ថោង ខុន បានបង្ហាញស្ថិតិប្រចាំថ្ងៃ រួមមាន៖
* ថ្ងៃទី១ទទួលបានភ្ញៀវសរុប៧៥៦,១៩០នាក់។
* ថ្ងៃទី២ទទួលបានភ្ញៀវសរុប១,០៦៦,១១៣នាក់។
* ថ្ងៃទី៣ទទួលបានភ្ញៀវសរុប៧៥៦,៥៣៥នាក់។

ឯកឧត្តម ថា គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះ រួមមាន៖
* ខេត្តកំពត ៥៨៨,៥០៦នាក់
* ខេត្តព្រះសីហនុ ៤៩៤,៩១៩នាក់
* ខេត្តសៀមរាប ៣០៩,៥០៣នាក់
* ខេត្តត្បូងឃ្មុំ ២៣៣,៩៩៥នាក់
* ខេត្តកំពង់ស្ពឺ ២៣៣,១៥៧នាក់
* រាជធានីភ្នំពេញ ១៦៦,០៨៦នាក់
* ខេត្តបាត់ដំបង ៩៨,៦៥៥នាក់
* ខេត្តកែប ៩១,៣០៤នាក់។

ឯកឧត្តម រដ្ឋមន្ត្រីបានបន្តថា តួលេខខាងលើមានការកើនឡើង១៨៣.៣៤% បើធៀបនឹងរយៈពេល ៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកកាលពីឆ្នាំ២០២១។

ឯកឧត្តមបន្តទៀតថា នាឱកាសថ្ងៃឈប់សម្រាកព្រះរាជ្យពិធីបុណ្យអុំទូកនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ខេត្តកំពតនិងខេត្តត្បូងឃ្មុំបានរៀបចំពិធីបុណ្យអុំទូកក្នុងមូលដ្ឋានរបស់ខ្លួនដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើន ខណៈដែលបណ្តាខេត្តមួយចំនួនផ្សេងទៀតបានរៀបចំរួចហើយ។

ដោយឡែក បណ្តាខេត្តផ្សេងទៀតដែលមិនមានការរៀបចំពិធីបុណ្យអុំទូក រដ្ឋបាលខេត្តបានរៀប ចំជាកម្មវិធីតាំងពិព័រណ៍ ការប្រគុំតន្រ្តី និងកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀតផងដែរ។

ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា ចរាចរណ៍នៅតាមដងផ្លូវជាតិសំខាន់ៗ រួមទាំងផ្លូវល្បឿនលឿន ទៅកាន់ខេត្តព្រះសីហនុ មានការមមាញឹកខ្លាំង និងមានការកកស្ទះដោយអន្លើៗនៅតាមទីតាំងមួយ ចំនួន។ បើតាមឯកឧត្តម ថោង ខុន បណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅនានា ត្រូវបាន ភ្ញៀវស្នាក់នៅពេញស្ទើរ១០០%ស្របពេលដែលចរន្តភ្ញៀវទេសចរមានសភាពផុសផុលនៅគ្រប់គោលដៅទេសចរណ៍ទូទាំងប្រទេស។

ឯកឧត្តម បន្ថែមថា រដ្ឋបាលរាជធានី-ខេត្ត គណៈបញ្ជាការឯកភាព និងមន្ទីរជំនាញបានចាត់តាំង កម្លាំងសម្រួលចរាចរណ៍ និងថែរក្សាសន្តិសុខ សណ្តាប់ធា្នប់នៅតាមទីប្រជុំជន និងគោលដៅ ទេសចរណ៍សំខាន់ៗ បើទោះបីអាកាសធាតុមានភ្លៀងធ្លាក់ដោយកន្លែងក៏ដោយ៕