(ភ្នំពេញ)៖ ជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីថៃ បានពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួនក្នុងក្របខណ្ឌទ្វេភាគី និងបញ្ហារបស់អាស៊ាន។
សម្រាប់បញ្ហាទ្វេភាគី នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ បានពិភាក្សាលើការអភិវឌ្ឍធនធានមនុស្ស និងអប់រំ, ទេសចរណ៍, ពាណិជ្ជកម្ម, សន្តិសុខ, ការប្រែប្រួលអាកាសធាតុ និងសំណល់រឹងក្នុងសមុទ្រ, ការតភ្ជាប់ និងការដោះមីន។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា សម្រាប់ក្របខណ្ឌអាស៊ាន សម្តេចតេជោ ហ៊ុន សែន និងលោក ប្រាយុទ្ធ ចន្ទអូចា បានឯកភាពគ្នាបន្តរក្សាតួនាទីស្នូល និងមជ្ឈភាពអាស៊ាន។
ដោយឡែកក្របខណ្ឌទ្វេភាគីវិញ នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ បានសន្យាបន្តជំរុញកិច្ចសហប្រតិបត្តិការលើការងារសំខាន់ៗចំនួន៨រួមមាន៖
១៖ ការអប់រំ និងបណ្តុះបណ្តាល សម្តៅកសាងធនធានមនុស្ស ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសស្របតាមការវិវឌ្ឍន៍របស់សង្គមនាពេលបច្ចុប្បន្ន។
២៖ វិស័យទេសចរណ៍ តាមរយៈគោលការណ៍ប្រទេសពីរ គោលដៅទេសចរណ៍មួយ។
៣៖ វិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមរយៈការស្វែងរកការធ្វើពាណិជ្ជកម្មលើវិស័យផ្សេងៗទៀត ជាពិសេសលើវិស័យកសិកម្ម ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យបានដល់ ១៥ពាន់លានដុល្លារ។
៤៖ វិស័យសន្តិសុខ ជាពិសេសសន្តិសុខនៅតាមព្រំដែន។
៥៖ បញ្ហាប្រែប្រួលអាកាសធាតុ និងសំណល់រឹងនៅក្នុងសមុទ្រ ដែលការប្រែប្រួលអាកាសធាតុនេះ ជះឥទ្ធិពលអវិជ្ជមានដល់គុណភាពកសិផល និងជះឥទ្ធិពលអាក្រក់ដល់សុខភាពប្រជាពលរដ្ឋ។
៦៖ ការតភ្ជាប់ប្រព័ន្ធគមនាគមន៍ផ្លូវថ្នល់ និងផ្លូវដែក។
៧៖ ការដោះមីននៅតាមតំបន់ព្រំដែនប្រទេសទាំងពីរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ៕