មន្ត្រីឥណ្ឌូណេស៊ី បញ្ជាក់ថាលោក ពូទីន នឹងមិនមកចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី ឡើយ

 (ហ្សាការតា)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ អោយដឹងថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនមកចូលរួមក្នុងកិច្ច ប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តទៅនៅឯកោះបាលី ប្រទេសឥណ្ឌូណេស៊ី នៅសប្ដាហ៍ក្រោយនេះ នោះទេ។

ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួន ទទួលបានពីមន្ត្រីឥណ្ឌូណេស៊ីម្នាក់។ មន្ត្រីរូបនេះដដែលបានឱ្យដឹង ក្នុងលក្ខខណ្ឌមិនបញ្ចេញ ឈ្មោះថាលោក ពូទីន នឹងត្រូវតំណាងដោយរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) នៅក្នុងកិច្ចប្រជុំកំពូល G20។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ក៏បានធ្វើការកត់សម្គាល់ នៅក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មាន Financial Times កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះដែរថា នៅក្នុងកិច្ចសន្ទនាមួយជា មួយលោក ពូទីន កាលពីសប្ដាហ៍មុន បានធ្វើឱ្យរូបលោកមានអារម្មណ៍ដឹងច្បាស់ថាមេ ដឹកនាំរុស្ស៉ី រូបនេះនឹងមិនមកចូលរួមក្នុងកិច្ចប្រជុំកំពូល G20​ នៅលើកោះបាលី ឡើយ។

ឥណ្ឌូណេស៊ី បានអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចូលរួមក្នុងកិច្ចប្រជុំ កំពូល G20 ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិចិ្ឆកានេះ។ តែលោក ហ្សេលេនស្គី បានអះអាងថាលោកនឹងមិនមកចូលរួមឡើយ បើមានវត្តមានលោក ពូទីន ខណៈមេដឹកនាំពិភព លោកដទៃទៀត ក្នុងនោះរួមមានប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងលោកប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក៏ត្រូវបានគេរំពឹងដែរថានឹងមានវត្តមានក្នុងកិច្ចប្រជុំនេះ៕