(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងប្រចាំសប្តាហ៍ និងប្រកាសសុពលភាពមន្ត្រីរាជការ ទើបតែងតាំងថ្មីនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនង សាធារណៈ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួង។
ការប្រកាសតែងតាំងមន្ត្រីថ្មីនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈនេះ លោក ហ៊ាង សុទ្ធាយុត្តិ ឡើងជាអគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ទេស តារារ័ត្ន ឡើងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការតែងតាំងមន្ត្រីជាច្រើនរូបទៀត។
ថ្លែងនាឱកាសនោះឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងការកោតសរសើរយ៉ាងជ្រាល ជ្រៅដល់អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ដែលបានខិតខំប្រឹងប្រែងធ្វើកិច្ចការ របស់ខ្លួន បានជោគជ័យជាច្រើន ជាពិសេសការអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យានានា ក្នុងការសម្រួលដល់ ការផ្តល់សេវាសាធារណៈសំដៅបង្កើនចំណូលជាតិយ៉ាងមានប្រសិទ្ធភាព និងដែលបានបំពេញ ការងារអស់ពីកម្លាំងកាយចិត្តនិងពេលវេលាក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍប្រទេសតាមរយៈវិស័យសាធារណការ និងដឹក ជញ្ជូន ឱ្យកាន់តែរីកចម្រើនជាលំដាប់។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនង សាធារណៈ បាននិងកំពុងជំរុញការសហការជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន និងគ្រឹះស្ថានធនាគារ-ហិរញ្ញវត្ថុជាដៃគូ ក្នុងបំពាក់បច្ចេកវិទ្យា DIP សម្រាប់ការគ្រប់គ្រង និងប្រមូលចំណូលចេញចូល ប្រើប្រាស់ផ្លូវល្បឿនលឿន ដែលធានាភាពលឿនរហ័ស ងាយស្រួល សុវត្ថិភាព សម្រាប់អ្នកប្រើ ប្រាស់ផ្លូវ និងធានាការធ្វើអាជីវកម្មក្រុមហ៊ុនកាន់តែមានប្រសិទ្ធភាព និងតម្លាភាពសម្រាប់សង្គមជាតិ ជាពិសេសធានាការប្រមូលចំណូលថវិកាជាតិ កាន់តែមាភាពប្រសើឡើង ។
ប្រព័ន្ធបច្ចេកវិទ្យា DIP នេះ នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋអាច បញ្ចូលសមតុល្យទឹក ប្រាក់ជាមុន តាមរយៈផ្លាកលេខ និងជួយសម្រួលឱ្យការចេញចូលផ្លូវល្បឿនលឿន បានលឿនរហ័ស កាត់បន្ថយការកកស្ទះ បង្ការពីជំងឺកូវីដ១៩ ព្រមទាំងបញ្ជៀសការប្រើកាតចេញចូលដែលប្រឈមការ បាត់បង់ផងដែរ ឬផាកពិន័យផ្សេងៗផងដែរ។ ប្រព័ន្ធនេះគ្រោងនឹងបញ្ចប់ការរៀបចំ ដើម្បីដាក់ឱ្យ ប្រើប្រាស់ ជាផ្លូវការ នាថ្ងៃ០៩ វិច្ឆិកា ២០២២ ខាងមុខនេះ។
ជាមួយគ្នានោះឯកឧត្តម ទេសរដ្ឋមន្ត្រី បានសំណូមពរឱ្យមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទប្រើប្រាស់ សម្ភារឧបករណ៍ត្រួតពិនិត្យគុណភាពផ្លូវឱ្យមានប្រសិទ្ធភាព និងថែទាំឱ្យបានល្អ អាចប្រើប្រាស់ បានយូរអង្វែង ដោយហេតុថាការចំណាយលើការទិញឧបករណ៍ទាំងនោះជាចំណាយថវិកាជាតិ និងបានណែនាំ ឱ្យមន្ត្រីពាក់ព័ន្ធសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក ក៏ដូច ជាដៃគូអភិវឌ្ឍន៍នានា ស្វែងរកប្រភពថវិកាដើម្បីគូសគំនូសចរាចរណ៍ និងការបំពាក់ផ្លាកសញ្ញា ចរាចរណ៍ឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាប៕