(ភ្នំពេញ)៖ លោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី (Volodymyr Zelensky) បានស្នើសុំពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ដើម្បីថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងពេលកិច្ចប្រជុំកំពូលអាស៊ាន ខាងមុខនេះ។
សំណើរបស់ប្រធានាធិបតីអ៊ុយក្រែន បានធ្វើឡើងនៅក្នុងជំនួបតាមទូរស័ព្ទលើកដំបូងជាមួយ សម្តេចតេជោ ហ៊ុន សែន កាលពីរសៀល ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។
សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ថា «ឯកឧត្តមប្រធានាធិបតី បានស្នើសុំថ្លែងសន្ទ កថា តាមប្រព័ន្ធវីដេអូក្នុងពេលកិច្ចប្រជុំអាស៊ាន និងបញ្ជាក់ពីបំណងរបស់អ៊ុយក្រែនក្នុងការចូលជា ដៃគូរសន្ទនាតាមវិស័យរបស់អាស៊ាន (ASEAN Sectoral Dialogue Partner) ផងដែរ»។
ទោះជាយ៉ាងនេះក្តី បើតាមសេចក្តីប្រកាស បានបញ្ជាក់ថា «ជាការឆ្លើយតប សម្តេចតេជោនាយកដ្ឋ មន្ត្រី បានជម្រាបជូនថា កម្ពុជានឹងបន្តធ្វើការងារជាមួយប្រទេសសមាជិកអាស៊ានផ្សេងទៀត ដើម្បី ឆ្លើយតបនឹងបំណងរបស់អ៊ុយក្រែនក្នុងការចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាននេះ»។
ពាក់ព័ន្ធនឹងកិច្ចការអាស៊ាន លោក ហ្ស៊ែលឡិនស្គី បានកត់សម្គាល់ដោយការពេញចិត្ត និងបានថ្លែង នូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសេចក្តីថ្លែងការណ៍ទាំងបីរបស់អាស៊ាន គាំទ្រដល់អ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាចំពោះសំណើអ៊ុយក្រែនសុំចូលជាភាគីនៃសន្ធិសញ្ញា មិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។
លោកបានថ្លែងអំណរគុណ សម្តេចតេជោនាយកដ្ឋមន្ត្រី ចំពោះជំនួប ហើយក៏បានសម្តែងនូវអំណរ សាទរយ៉ាងកក់ក្តៅចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ានក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីខែសីហាកន្លងទៅ និងបានជូនពរកម្ពុជា ទទួលបានជោគជ័យដ៏ត្រចះត្រចង់បន្ថែមទៀត ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាខែវិច្ឆិកា ឆ្នាំ២០២២ នេះ៕