(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) សរុបជាង ៦ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សា ដោយជោគជ័យ។
សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែផ្តល់តម្លៃ និងកិត្តិយសដល់និស្សិតដែលបញ្ចប់ការសិក្សាដោយ ជោគជ័យ ហើយតែងតែផ្តល់កិត្តិយសអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រដល់ពួកគេ។ សម្រាប់សាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សម្តេចតេជោ ហ៊ុន សែន បាន អញ្ជើញជាអធិបតីចំនួនប្រមាណ១៨លើករួចមកហើយ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតដែលដែលអញ្ជើញទទួលសញ្ញាបត្រនៅថ្ងៃនេះ មានចំនួនសរុប ៦,៣០៧នាក់ (នារី ៣,០៨៨ នាក់)។ ក្នុងនោះមាននិស្សិតថ្នាក់បរិញ្ញាបត្រ ៤,៦៦៤ នាក់ នារី ២,៥២៨នាក់ និងនិស្សិតថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ១,៦៤៣នាក់ នារី ៥៦០នាក់។
លោករដ្ឋមន្ត្រី បានឱ្យដឹងថា យោងតាមលទ្ធផលស្ទង់មតិរបស់សាកលវិទ្យាល័យ និស្សិតដែល ទទួលសញ្ញាបត្រនេះ មាននិស្សិតជាង ៩៧ភាគរយ មានការងារធ្វើ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញា បត្រមានជាង ៩៦ភាគរយ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានជិត ១០០ភាគរយ។
សូមបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច គឺជាសាកលវិទ្យាល័យ មួយ បាននិងកំពុងដើរតួនាទី យ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកច្បាប់, សេដ្ឋ កិច្ច, និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។
បើតាមលោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន គិតចាប់ពីឆ្នាំ១៩៨២ ដល់បច្ចុប្បន្ននេះ សិក្ខាកាម និងនិស្សិត ដែលបានបញ្ចប់ការសិក្សាជាស្ថាពរពីសាកលវិទ្យាល័យមានចំនួនសរុប ៦១,១៩៦នាក់ (នារី ២៣,៤៩៧នាក់) ក្នុងនោះនិស្សិតបរទេសមានចំនួន ២០៩នាក់ (នារី ៨៤នាក់)។ និស្សិតជ័យលាភីទាំងនោះ បាននិងកំពុងបម្រើការងារនៅតាមក្រសួង-ស្ថាប័នរដ្ឋ, វិស័យឯកជន, អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ, និងមួយចំនួនកំពុងដំណើរការអាជីវកម្មផ្ទាល់ខ្លួន។
បច្ចុប្បន្ននេះ សាកលវិទ្យាល័យមានក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង, មន្រ្តី, បុគ្គលិក, សាស្រ្តា ចារ្យក្របខ័ណ្ឌ និងសាស្រ្តាចារ្យជាប់កិច្ចសន្យាជាតិ-អន្តរជាតិសរុប ៥៨៩នាក់ (នារី ១៤៦នាក់) និងមាននិស្សិតកំពុងបណ្តុះបណ្តាលសរុប ១៤,៤៧២នាក់ (នារី ៧,២៨៨នាក់) ក្នុងនោះមាន និស្សិតបរទេសចំនួន ៤៣នាក់ នារី ២៣នាក់។
លោករដ្ឋមន្ត្រី បានឱ្យដឹងផងដែរថា ដើម្បីធានាបាននូវការបណ្តុះបណ្តាលប្រកបដោយគុណភាព និងនិរន្តរភាព សាកលវិទ្យាល័យបានអនុវត្តយន្តការធានាគុណភាពអប់រំ ជាពិសេសបានពង្រឹង ប្រព័ន្ធវាយតម្លៃ គុណភាពអប់រំជាប្រចាំ ដោយអនុវត្តតាមស្តង់ដាធានាគុណភាពអប់រំ និងកំពុងធ្វើកិច្ច សហប្រតិបត្តិការជាមួយបណ្តាសាកលវិទ្យាល័យបរទេសមួយចំនួន តាមរយៈការចុះអនុស្សារណៈ នៃការយោគយល់គ្នាបានចំនួន ៤៤ ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍និស្សិត និងសាស្រ្តាចារ្យ លើការសិក្សា, ការបង្រៀន, និងការស្រាវជ្រាវ ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំឲ្យកាន់ តែប្រសើរ។
ចាប់តាំងពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន សាកលវិទ្យាល័យបានបញ្ជូននិស្សិតទៅសិក្សាបន្តថ្នាក់បរិញ្ញា បត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅបរទេស តាមរយៈអាហារូបករណ៍របស់សាកលវិទ្យាល័យ ជាដៃ គូនានា បានចំនួន ១,៧៥៩នាក់។ ក្នុងឆ្នាំសិក្សា២០២១-២០២២ នេះសាកលវិទ្យាល័យបាន បញ្ជូននិស្សិតចំនួន ៤៦នាក់ (នារី ៣១នាក់) ទៅបន្តការសិក្សានៅបរទេស និងបញ្ជូន និស្សិតចូល រួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាចំនួន ១០នាក់ (នារី៥នាក់) នៅប្រទេសបារាំង ជប៉ុន ឥណ្ឌូនេស៊ី។
ក្រៅពីនេះ និស្សិតចំនួន ២៤រូប បានចូលរួមការប្រកួតសវនការប្រឌិតអន្តរជាតិពីចម្ងាយ តាមប្រព័ន្ធ អនឡាញចំនួន ៨ប្រកួត ពាក់ព័ន្ធនឹងនីតិអន្តរជាតិ។ នៅដើមឆ្នាំ២០២៣ ខាងមុខនេះ សាកល វិទ្យាល័យត្រៀមនឹងបញ្ជូននិស្សិតចំនួន ៣០រូប ទៅចូលរួមការប្រកួតសវនការប្រឌិត អន្តរជាតិចំនួន ១០ប្រកួតបន្ថែមទៀត៕