អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងថា របាយការណ៍ WJP មានចរិកនយោបាយ និងមិនសមហេតុផល


 (ភ្នំពេញ)៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ ប្រាប់នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះថា របាយការណ៍ដែលបង្ហាញថា កម្ពុជាអនុវត្តនីតិ រដ្ឋទាបជាងគេ​បំផុត​ ដែលផ្សព្វផ្សាយដោយ WJP គឺមានចរិកនយោបាយ និងជារឿងមិនសម ហេតុផលឡើយ។

ការចេញមុខមកបញ្ជាក់បែបនេះ របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា បានធ្វើឡើងបន្ទាប់ពី អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project ហៅកាត់ថា WJP) ដែលចេញផ្សាយ នៅក្នុងសប្តាហ៍នេះ ​បាន​ដាក់​ប្រទេស​កម្ពុជា​ ក្នុង​ចំណាត់​ថ្នាក់​ទាប​ជាង​គេ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​កើត​ និង​ប៉ាស៊ីហ្វិក ​គឺ​ទី១៥ ក្នុង​ចំណោម​ប្រទេស​ចំនួន១៥ និង​ចំណាត់​ថ្នាក់​ជិត​ចុងក្រោយ​គេ​បំផុត​គឺ​ទី១៣៩ ក្នុង​ចំណោម​ប្រទេស​ចំនួន១៤០ នៅ​លើ​ពិភពលោក​ទាក់ទិន​នឹង​ការ​គោរព​នីតិរដ្ឋ។

ឯកឧត្តម ជិន ម៉ាលីន បានលើកឡើងយ៉ាងដូច្នេះថា៖ «របាយការណ៍នេះ ជារបាយការណ៍ដែលមាន មន្ទិលសង្ស័យច្រើន ហើយបើមើលទៅដូចមានចរិក និងរបៀបវារៈនយោបាយច្រើនជាង ស្របពេល ដែលកម្ពុជា កំពុងរៀបចំការបោះឆ្នោត ហើយមកដល់ពេលនេះយើងមិនដឹងពីវិធីសាស្ត្រដែលស្រាវ ជ្រាវ ការជ្រើសរើសសំណួរដែលត្រូវសួរ និងតួអង្គដែលត្រូវសួរ»

ឯកឧត្តម ជិន ម៉ាលីន បានគូសបញ្ជាក់ថា ចំណុចដែលពិបាកនឹងជឿ និងទទួលយកបាននោះ គឺប្រទេសមួយចំនួនកំពុងជួបប្រទះនូវភ្លើងសង្គ្រាម ប្រទេសមួយចំនួនមានគណបក្សនយោបាយ តែមួយ មិនមានការបោះឆ្នោត ហើយប្រទេសមួយចំនួនទៀតដឹកនាំដោយរបបយោធា ប៉ុន្តែ បែរជា មានចំណាត់ថ្នាក់លើកម្ពុជា ផ្នែកនីតិរដ្ឋទៅវិញ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានបន្ថែមថា «មកដល់ពេលនេះ យើងធ្លាប់ស្នើសុំពីទិន្នន័យ ប្រមូលព័ត៌មាន ដើម្បីធ្វើការវាយតម្លៃ ក៏គេមិនផ្តល់ឱ្យយើងដែរ អញ្ចឹងរបាយការណ៍ពិបាកនឹងទទួល យក និងខុសការពិត ចំពោះស្ថានភាពជាក់ស្តែង»

លោក ជិន ម៉ាលីន បានចាត់ទុកថា របាយការណ៍របស់អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project (WJP) ដែលបានចេញផ្សាយនេះ គឺមិនខុសពីរបាយការណ៍មុនៗ ដែលបង្ហាញ យ៉ាងច្បាស់ថា មានចរិកជានយោបាយច្រើនជាងឡើយ៕