អាមេរិកបញ្ជូនកងពលតូចពិសេសមួយ ទៅកាន់ទឹកដីអឺរ៉ុប ចំពោះមុខភាពតានតឹងរវាង NATO និងរុស្ស៊ី

(ប៊ុយការ៉េស)៖ កងពលតូច 101st Airborne របស់កងទ័ពជើងគោកអាមេរិក ត្រូវបានចល័តទៅកាន់តំបន់អឺរ៉ុប ជាលើកដំបូង ក្នុងរយៈពេលជិត៨០ឆ្នាំមកនេះ គឺចាប់តាំងតែពីសង្រ្គាមលោកលើកទី២មក ចំពោះមុខការកើនឡើងកម្តៅនៃភាពតានតឹងរវាងរុស្ស៉ី និងសម្ព័ន្ធភាពយោធាណាតូ (NATO) ដែលដឹកនាំដោយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២។
កាលពីពេលថ្មីៗនេះ កងពលតូចខាងលើ ដែលមានការហ្វឹកហាត់ជាពិសេស ដើម្បីអាចធ្វើប្រតិបត្តិការនៅសមរភូមិគ្រប់ទីកន្លែង ជុំវិញពិភពលោក ក្នុងពេលត្រឹមតែប៉ុន្មានម៉ោង គឺត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសរ៉ូម៉ានី ដែលសមាជិករបស់អង្គការ NATO។ នៅទីនោះ កងពលតូច 101st Airborne បាននិងកំពុងធ្វើលំហាត់យោធារួម ជាមួយកងកម្លាំងរ៉ូម៉ានី ក្នុងសេណារីយ៉ូស្រដៀងគ្នា នឹងសមរភូមិដែលកងកម្លាំងអ៊ុយក្រែន កំពុងតែប្រយុទ្ធជារៀងរាល់ថ្ងៃ ប្រឆាំងនឹងកងកម្លាំងរុស្ស៉ី។ ទីតាំងនៃការធ្វើសមយុទ្ធយោធា គឺស្ថិតកៀកនឹងព្រំប្រទល់អ៊ុយក្រែនតែម្តង ដែលវាជាសារយ៉ាងច្បាស់មួយ ចំពោះរុស្ស៉ីនិងចំពោះសម្ព័ន្ធមិត្ត NATO របស់អាមេរិក បង្ហាញថា កងកម្លាំងយោធាអាមេរិកគឺនៅទីនេះ និងត្រៀមខ្លួនជានិច្ច។
គួរបញ្ជាក់ថា សរុបមក ទាហានចំនួនប្រមាណ ៤,៧០០នាក់ មកពីមូលដ្ឋាន ហ្វត ខេមប៊ែល (Fort Campbell) របស់កងពលតូច 101st Airborne ដែលស្ថិតក្នុងរដ្ឋខេនថាក់គី (Kentucky) នៃសហរដ្ឋអាមេរិក ត្រូវបានបញ្ជូនឱ្យទៅពង្រឹងតំបន់ភាគខាងកើតរបស់ NATO។ ក្រុមមេបញ្ជាការកងពលពិសេសនេះ បានសង្កត់ធ្ងន់ថា ពួកគេត្រៀមលក្ខណៈប្រយុទ្ធជានិច្ច ហើយស្របពេលដែលពួកគេ ស្ថិតនៅអឺរ៉ុប ដើម្បីការពារទឹកដីរបស់ NATO ក៏ដោយ ប្រសិនបើការប្រយុទ្ធគ្នាកើនឡើងកម្តៅខ្លាំងក្លា ឬមានការវាយប្រហារណាមួយមកលើ NATO នោះ គឺពួកគេបានត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីឆ្លងព្រំប្រទល់ចូលទៅកាន់អ៊ុយក្រែន៕