ក្រសួងសង្គមកិច្ច បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យ និងផ្តល់ធាតុចូលលើសេច ក្តីព្រាងច្បាប់ស្តីពី «កិច្ចការពារកុមារនៅកម្ពុជា»


 (សៀមរាប)៖ លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំក្រុមការងារបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងច្បាប់ស្តីពី «កិច្ចការពារកុមារនៅកម្ពុជា» រយៈពេល២ថ្ងៃនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។

មន្រ្តីជាន់ខ្ពស់សង្គមកិច្ចរូបនេះ បានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងផ្តល់យោបល់ បន្ថែមលើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារនៅកម្ពុជា។

លោកជំទាវ ខៀវ បូរី បានបន្ថែមថា ទោះបីជាមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដោយបង្កើតនូវយន្តការ និងក្រសួង ស្ថាប័នជាច្រើនក្នុងការគ្រប់គ្រង និងផ្តល់សេវាដល់មុខសញ្ញាកុមារទូទៅ និងកុមាររងគ្រោះយ៉ាងណាក៏ដោយ ក៏នៅមានកុមារមួយចំនួន កំពុងរស់នៅក្នុងស្ថានភាពលំបាករងគ្រោះ ដែលត្រូវការការគាំទ្រ និងអន្តរាគមន៍ជាចាំបាច់។

លោកជំទាវបញ្ជាក់ថា ការពង្រឹងយន្តការអនុវត្តប្រព័ន្ធកិច្ចការពារកុមារ ការកសាងសមត្ថភាពធនធានមនុស្ស និងហិរញ្ញាវត្ថុ សម្រាប់ការអនុវត្តផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឲ្យមានប្រសិទ្ធភាពមិនទាន់ស្របតាមស្ថានភាពជាក់ស្តែងនៅឡើយ។

ម្យ៉ាងវិញទៀត បច្ចុប្បន្នការអន្តរាកមន៍ចំពោះកុមារពីការរំលោភបំពានគ្រប់រូបភាព ស្របតាមបទដ្ឋានជាតិឲ្យកាន់តែប្រសើរនោះ ទាមទារឲ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ ដៃគូរពាក់ព័ន្ធទាំងអស់ សំដៅរួមគ្នាដោះស្រាយតាមមុខសញ្ញានីមួយៗប្រកបដោយស្មារតីទទួលខុសត្រូវ។

លោកជំទាវ ក៏សូមថ្លែងអំណរគុណចំពោះអង្គការយូនីស្វេហ្វ ដោយមានការគាំទ្រថវិកាពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងអង្គការភ្លែនអន្តរជាតិដែលបានជួយឧបត្ថម្ភគាំទ្រដល់ដំណើរការនៃការរៀបចំច្បាប់កិច្ចការពារកុមាររហូតមក៕