(ភ្នំពេញ)៖ តាមសេចក្ដីប្រកាសព័ត៌មាន ដែលទទួលបាននៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ អោយដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានចំនួន៣២.៥លានដុល្លារ ដើម្បី បង្កើនលទ្ធភាពទទួលបានសេវាសុខាភិបាលប្រកប ដោយគុណភាពនៅក្នុងខេត្តបន្ទាយ មានជ័យ ដែលជាខេត្តជាប់ព្រំដែននៅភាគពាយព្យនៃប្រទេសកម្ពុជា និងជាតំបន់ដែលពលរដ្ឋ ចំណាកស្រុក ចាកចេញ និង ត្រឡប់មកវិញ ព្រមទាំងជាទីតាំងសម្រាប់អ្នកដែលស្វែងរកការងារធ្វើ នៅតំបន់សេដ្ឋ កិច្ចពិសេសរបស់ខេត្ត។ គម្រោងសុខភាពតំបន់ព្រំដែនមហាអនុតំបន់ទន្លេមេគង្គ (GMS) កម្ពុជា នឹងពង្រីកការគ្របដណ្តប់នៃការថែទាំសុខភាពសម្រាប់ពលករចំណាកស្រុកដែលសេវានៃប្រព័ន្ធសុខាភិបាលក្នុងប្រទេស និងក្រៅប្រទេសមិនទាន់ទៅដល់ និងសម្រាប់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំ ដែនដែលជនចំណាកស្រុកឆ្លងកាត់ និងរស់នៅ។ គម្រោងនេះនឹងបង្កើនកម្ចីសម្បទានចំនួន ២៧ លានដុល្លារ និងជំនួយរហូតដល់ ៥,៥ លានដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់និង បំពាក់បរិក្ខារសុខាភិបាលនៅតាមតំបន់ព្រំដែន ពង្រីកកិច្ចគាំពារហិរញ្ញវត្ថុទាក់ទងនឹងការថែទាំ សុខភាពដល់ជនចំណាកស្រុកនិងពង្រឹងប្រព័ន្ធសម្រាប់សមាហរណកម្មនៃការផ្តល់សេវាសុខាភិបាលឆ្លងកាត់ព្រំដែនរួមទាំងការបង្កើតឱ្យមានកំណត់ត្រាសុខភាពអេឡិចត្រូនិចចល័តសម្រាប់ជនចំណាកស្រុកផងដែរ។
មន្ត្រីជំនាញជាន់ខ្ពស់ផ្នែកសង្គមរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Rikard Elfving បាន ថ្លែងថា «កិច្ចសហប្រតិបត្តិការនិងសមាហរណកម្មតំបន់ នៅទូទាំងមហាអនុតំបន់មេគង្គ បានជំរុញ កំណើនសេដ្ឋកិច្ច ក៏ដូចជាការចល័តរបស់មនុស្សកាន់តែច្រើនដើម្បីស្វែងរកការងារ និងឱកាសកាន់ តែប្រសើរ។ វាក៏បានបង្កជាបញ្ហាប្រឈមផ្នែកសុខភាព ដែលទាក់ទងនឹងការចល័តរបស់មនុស្ស សម្រាប់តំបន់ព្រំដែនដែលភ្ជាប់ទៅនឹងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ»។
ប្រព័ន្ធសុខាភិបាលនៅតាមតំបន់ព្រំដែនជារឿយៗ មិនទាន់មានលក្ខណៈគ្រប់គ្រាន់ដើម្បីឆ្លើយតប ទៅនឹងបញ្ហាប្រឈមផ្នែកសុខភាពដែលទាក់ទងនឹងការចល័តរបស់មនុស្ស ដូចដែលបានឃើញ ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ១៩ នៅពេលដែលពលករចំណាកស្រុកកម្ពុជាជាង ២៦០.០០០ នាក់បានត្រឡប់មកផ្ទះវិញ។ ពួកគាត់ភាគច្រើនបានត្រឡប់មកវិញតាមព្រំដែនដីគោកជាមួយប្រទេសថៃ ដែលបានធ្វើឱ្យហួស សមត្ថភាពនៃប្រព័ន្ធសុខាភិបាលនៅតាមព្រំដែនក្នុងការកំណត់ ធ្វើចត្តាឡីស័ក និងព្យាបាលករណី កូវីដ១៩។
បណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ បានឯកភាពរួមគ្នាលើតម្រូវការក្នុងការពង្រឹងការការពារ សហគមន៍ងាយរងគ្រោះពីផលប៉ះពាល់សុខភាពនៃការធ្វើសមាហរណកម្មក្នុងតំបន់ និងបានផ្តល់ អាទិភាព ដល់ការពង្រឹងប្រព័ន្ធសុខាភិបាលនៅតាមតំបន់ព្រំដែន។ ការវិនិយោគលើប្រព័ន្ធសុខាភិបាលប្រកបដោយបរិយាបន្នសម្រាប់ជនចំណាកស្រុកនឹងជួយសម្រួលដល់ការបន្តការធ្វើចំណាកស្រុកដោយសុវត្ថិភាព ដែល មានសារៈសំខាន់សម្រាប់ការស្តារឡើង វិញក្រោយកូវីដ១៩ ក្នុងមហាអនុតំបន់។
គម្រោងសុខភាពតំបន់ព្រំដែនមហាអនុតំបន់ទន្លេមេគង្គនេះ នឹងផ្អែកលើបទពិសោធន៍របស់ ADB ក្នុងការគាំទ្រកម្មវិធីគ្រប់គ្រងជំងឺឆ្លង ហើយនឹងរួមបញ្ចូលមេរៀនពីការឆ្លើយតប និងការស្តារឡើងវិញ របស់កម្ពុជាពីជំងឺរាតត្បាតកូវីដ១៩។
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះ មាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕