នូវែលសេឡង់ គ្រោងរឹតបន្តឹងបន្ថែម ច្បាប់ប្រឆាំងភេរវកម្ម


វែលីងតោន)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែ តុលា ឆ្នាំ២០២២ ប្រាប់អោយដឹងថា សភានៃប្រទេសនូវែលសេឡង់ នៅថ្ងៃពុធនេះ បានស្នើឲ្យមាន ការកែប្រែច្បាប់ប្រឆាំងភេរវកម្ម ដើម្បីរឹតត្បិតបន្ថែមទៀត លើអ្នកដែលជាប់សង្ស័យ ថាមានផែនការ វាយប្រហារភេរវកម្ម។

ការកែប្រែច្បាប់គ្រប់គ្រង និងបង្ក្រាបអំពើភេរវកម្ម ធ្វើឡើងតាមធម្មនុញ្ញនៃច្បាប់ស្តីពីការប្រឆាំង ភេរវកម្មឆ្នាំ២០២១ បន្ទាប់ពីមានការវាយប្រហារដោយកាំបិតលើ មនុស្សមួយចំនួន នៅផ្សារទំនើប ក្នុងទីក្រុងអូកឡែន (Auckland) ដោយបុរសម្នាក់ដែលមានទស្សនៈជ្រុលនិយម។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នូវែលសេឡង់ លោកស្រី គីរី អាល់លេន (Kiri Allen) បានឲ្យដឹងក្នុងសេចក្តី ថ្លែងការណ៍មួយថា ដរាបណាគ្មានច្បាប់ដែលអាចបញ្ឈប់គំនិត ភេរវកម្មនោះទេ នោះនឹងគ្មានការ ផ្លាស់ប្តូរដើម្បីឈានទៅរកការទប់ស្កាត់សកម្មភាពនេះបានទេ។

សូមបញ្ជាក់ថា បន្ទាប់ពីការវាយប្រហារដោយកាំបិត នៅក្នុងផ្សារទំនើបមួយកាលពីឆ្នាំ២០២១ រដ្ឋា ភិបាលនូវែលសេឡង់ កំពុងពិនិត្យឡើងវិញអំពីរបៀបកែលម្អច្បាប់ ដើម្បីការពារការវាយប្រហារ ស្រដៀងគ្នានេះកុំឲ្យកើតមានឡើងជាថ្មី។ បុរសជាឃាតកដែលត្រូវបានប៉ូលិសបាញ់សម្លាប់នោះ ត្រូវបានបំផុសគំនិតដោយក្រុម ISIS ហើយធ្លាប់ស្ថិតក្រោមការតាមដានរបស់អាជ្ញាធរ បន្ទាប់ពីរូប គេត្រូវបានដោះលែងពីពន្ធនាគារមុនពេលមានហេតុការណ៍នេះ។ ដោយឡែក កាលពីខែមីនា ឆ្នាំ ២០១៩ មនុស្ស៥១នាក់ ក៏ត្រូវបានភេរវករជាខ្មាន់កាំភ្លើងម្នាក់បាញ់រះសម្លាប់ នៅឯវិហារអ៊ីស្លាម ចំនួន ២ នៅក្នុងទីក្រុង Christchurch ផងដែរ៕