ថៃពិចារណាចាត់វិធានការថ្មីជំរុញការចំណាយដើម្បីរក្សាសន្ទុះកំណើនសេដ្ឋកិច្ច


 (បាងកក)៖ ការិយាល័យគោលនយោបាយសារពើពន្ធ (FPO) នៃក្រសួងហិរញ្ញវត្ថុថៃបានឱ្យដឹងថា ក្រសួងហិរញ្ញវត្ថុកំពុងពិចារណាលើវិធានការថ្មីៗដើម្បីលើកទឹកចិត្តដល់ការចំណាយក្នុងគោលបំណងរក្សាការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចថៃ។

យោងតាមកាសែតបាងកកប៉ុស្តិ៍ លោក Pornchai Thiraveja អគ្គនាយកការិយាល័យ FPO បាន ឱ្យដឹងថា ក្រសួងហិរញ្ញវត្ថុនឹងពិគ្រោះយោបល់ជាមួយការិយាល័យ FPO អំពីវិធានការដែលអាច ធ្វើទៅបានក្នុងពេលឆាប់ៗនេះ។ លោករំពឹងថា ក្រសួងផ្សេងទៀតក៏នឹងបង្ហាញវិធានការផ្ទាល់ ខ្លួនរបស់ពួកគេផងដែរ ដើម្បីលើកទឹកចិត្តដល់ការចំណាយរបស់អ្នកប្រើប្រាស់នៅចុងឆ្នាំនេះ។

ចាប់តាំងពីឆ្នាំ២០២០មករដ្ឋាភិបាលថៃបានដាក់ចេញកញ្ចប់វិធានការមួយចំនួនដើម្បីសម្រាលបន្ទុករបស់ពលរដ្ឋ និងអាជីវកម្មដែលបង្កឡើងដោយសារជំងឺរាតត្បាត រាប់ចាប់ពីការផ្តល់សាច់ប្រាក់ រហូតដល់វិធានការពន្ធ។

ការិយាល័យ FPO ពិនិត្យមើលការព្យាកររបស់ខ្លួនអំពីចក្ខុវិស័យសេដ្ឋកិច្ចរៀងរាល់បីខែម្តង ហើយជុំ បន្ទាប់នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ។ យោងតាមការព្យាករចុងក្រោយរបស់ការិយាល័យនេះ សេដ្ឋកិច្ចថៃត្រូវបានរំពឹងថានឹងកើនឡើងពី ៣ ទៅ ៣,៥% នៅឆ្នាំនេះ និង ៤% នៅឆ្នាំ២០២៣។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា សេដ្ឋកិច្ចថៃនឹងបន្តងើបឡើងវិញក្រោយការរាតត្បាត នៃជំងឺកូវីដ-១៩ ជាមួយនឹងការកើនឡើង ២,៨% នៅឆ្នាំនេះ និង ៣,៧% នៅឆ្នាំ២០២៣។

លោក Pornchai បានថ្លែងទៀតថា ការបើកចំហរប្រទេសឡើងវិញរបស់ប្រទេសថៃ និងការត្រឡប់ មកវិញនៃភ្ញៀវទេសចរបរទេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យសេដ្ឋកិច្ចរស់ឡើងវិញ។ ប្រទេសថៃរំពឹងថានឹងទទួលបានភ្ញៀវទេសចរពី ៨ ទៅ ១០ លាននាក់នៅឆ្នាំនេះ ហើយឆ្នាំ២០២៣ ត្រូវបានព្យាករថានឹងមានចំនួនខ្ពស់ជាងនេះ។

លោកបានបន្ថែមថាប្រទេសថៃមានលំហរសារពើពន្ធគ្រប់គ្រាន់ដើម្បីដោះស្រាយភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលប្រសិនបើពិភពលោកធ្លាក់ចូលក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ចនៅឆ្នាំក្រោយ។កាសែតបាងកកប៉ុស្តិ៍បារាយការណ៍ថា គិតត្រឹមខែសីហា អនុបាតបំណុលសាធារណៈធៀបនឹង ផ.ស.ស របស់ប្រទេសថៃ មាន ៦០,៧%៕