អ៉ីរ៉ង់ ចោទថាសហរដ្ឋអាមេរិក កំពុងញុះញង់បង្កចលាចលនៅក្នុងប្រទេស

(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) បានចោទប្រកាន់សហរដ្ឋអាមេរិកថា «កំពុងញុះញង់ឱ្យមានភាពចលាចល» បន្ទាប់ពី លោកប្រធានាធិបតី ចូ បៃដិន បង្ហាញការគំាទ្រដល់បាតុកម្មតវ៉ាទាមទាររកយុត្តិធម៌ឱ្យស្ត្រីម្នាក់ឈ្មោះ ម៉ាស់សា អាមីនី (Mahsa Amini) ដែលបានស្លាប់ ក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិសអ៉ីរ៉ង់កាលពីជាងមួយខែមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២។
ការកត់សម្គាល់ខាងលើរបស់លោក រ៉ៃស៊ី ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយការិយាល័យប្រធានាធិបតីអ៉ីរ៉ង់កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះ។ លោក រ៉ៃស៊ី បានគូសបញ្ជាក់ដូច្នេះថា «ការលើកឡើងរបស់ប្រធានាធិបតីអាមេរិក ដែលជាអ្នកញុះញង់ឱ្យមានភាពចលាចល ភេរវកម្ម និងការបំផ្លិចបំផ្លាញប្រទេសដទៃ គឺបានរំឮកដល់ពាក្យមួយរបស់ស្ថាបនិកសាធារណរដ្ឋអ៉ីស្លាមដែលបានហៅថាសហរដ្ឋអាមេរិកថាបិសាច»៕