រដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីរបស់អង់គ្លេស ប្តេជ្ញាយកឈ្នះលើការជឿទុកចិត្តលើទីផ្សារហិរញ្ញវត្ថុមកវិញ

(ឡុងដ៍)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថ្មី លោក Jeremy Hunt បានសន្យាថា នឹងស្តារភាពជឿជាក់ខាងសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសឡើងវិញ ដោយគណនេយ្យពេញលេញសម្រាប់ផែនការចំណាយ និងពន្ធរបស់រដ្ឋាភិបាល ខណៈពេលដែលលោកជឿជាក់ថា លោកស្រី Liz Truss នឹងនៅបន្តគ្រប់គ្រងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២២។
នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Truss បានតែងតាំង លោក Hunt កាលពីថ្ងៃសុក្រ (ទី១៤ ខែតុលា) ក្នុងការប៉ុនប៉ងមួយ ដើម្បីជួយសង្គ្រោះការដឹកនាំរបស់គាត់ ខណៈដែលទំនុកចិត្តលើសមត្ថភាពរបស់លោកស្រី ក្នុងការគ្រប់គ្រងប្រទេសបានបាត់បង់ទាំងនៅក្នុងគណបក្សអភិរក្សផ្ទាល់របស់នាង និងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។
លោក Hunt បានប្រាប់ទូរទស្សន៍ BBC នៅក្នុងបទសម្ភាសន៍មួយថា «អ្វីដែលខ្ញុំនឹងធ្វើ … គឺបង្ហាញទីផ្សារពិភពលោក ឱ្យមនុស្សមើលឃើញថា យើងអាចគណនាបានត្រឹមត្រូវគ្រប់កាក់គ្រប់សេន នៃផែនការចំណាយរបស់យើង»។
គួរបញ្ជាក់ថា សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសមានហានិភ័យក្នុងការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ស្របពេលដែលធនាគារកណ្តាលអង់គ្លេស កំពុងដំឡើងអត្រាការប្រាក់ដើម្បីគ្រប់គ្រងអតិផរណាដែលកំពុងកើនឡើង។ លោក Andrew Bailey ទេសាភិបាលធនាគារបាននិយាយកាលពីថ្ងៃសៅរ៍ថា លោកគិតថាការដំឡើងអត្រាការប្រាក់ដ៏ធំមួយនឹងត្រូវធ្វើឡើងនៅដើមខែវិច្ឆិកា៕