(ភ្នំពេញ)៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូល ចំណូលបានចំនួន ៨ ២៥៨.៧ប៊ីលានរៀល ស្មើនឹង ២ ០២៦.៨លានដុល្លារអាមេរិក ដែលតួលេខ នេះត្រូវជាប្រមាណ ៧៨.៨% នៃផែនការកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ ហើយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ លទ្ធផលចំណូលនេះកើនឡើង ១ ៣៧៧,៣ ប៊ីលានរៀលដែលត្រូវជាប្រមាណ២០%។
ការបង្ហាញចំណូលនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាកររយៈពេល ៩ខែ ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ចំណូលតាម ប្រភេទពន្ធ និងអាករ រួមមាន អាករពិសេសមានចំនួន ៣ ១៤៥.៣ ប៊ីលានរៀល (ត្រូវជា ៣៨.១% នៃចំណូលសរុប), អាករលើតម្លៃបន្ថែមមានចំនួន ៣ ១០៤.៧ ប៊ីលានរៀល (ត្រូវជា ៣៧.៦% នៃ ចំណូលសរុប), ពន្ធគយមានចំនួន ១ ៥៥៩.៦ ប៊ីលានរៀល (ត្រូវជា ១៨.៩% នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងមានចំនួន ២៨១.២ ប៊ីលានរៀល (ត្រូវជា ៣.៤% នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ១៦៧.៩ ប៊ីលានរៀល (ត្រូវជា ២% នៃចំណូល សរុប)។
ចំពោះចំណូលតាមក្រុមទំនិញ ឃើញថា យានយន្តនិងគ្រឿងចក្រមានចំនួន ៣ ៨៨៩.៦ ប៊ីលាន រៀល (ត្រូវជា៤៧.១% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ២ ២០៦.៩ ប៊ីលានរៀល (ត្រូវជា ២៦.៧% នៃចំណូលសរុប), ផលិតផលតេលសិលា (ប្រេងសាំង) មានចំនួន ១ ៦៨៣.៦ ប៊ីលាន រៀល (ត្រូវជា ២០.៤% នៃចំណូលសរុប), និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៤៧៨.៥ ប៊ីលានរៀល (ត្រូវជា ៥.៨% នៃចំណូលសរុប)។
ទំហំនៃការនាំចេញក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២១ មានដូចខាងក្រោម៖
* ការនាំចេញផលិតផលកាត់ដេរមានចំនួន ១០ ២៥៧.០៣លានដុល្លារអាមេរិក កើនឡើងប្រមាណ ២ ០១៥.៣១លានដុល្លារអាមេរិក ស្មើនឹង២៤,៥%
* ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង កង់ គ្រឿងបន្លាស់រថយន្ត អំពូលលម្អ ផលិតផលពីឈើ កុងផ្លាកេ ផលិតផលពីប្លាស្ទិក ស្បែកសត្វ កែច្នៃ និងផលិតផលផ្សេងៗទៀត) មានចំនួន ៤ ១៨៧.៥ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៨០៨.២ លានដុល្លារអាមេរិក ស្មើនឹង ២៣.៩%
* ការនាំចេញកសិផលមានចំនួន ២ ២២៧.៥ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១២២.៣ លានដុល្លារអាមេរិក ស្មើនឹង៥.៨% ដែលក្នុងនោះ ស្រូវនាំចេញមានតម្លៃ ៥០៣.៦ លានដុល្លារអាមេ រិក ថយចុះប្រមាណ ៩១.២ លានដុល្លារអាមេរិក (១៥.៣%), ការនាំចេញអង្ករមានតម្លៃ ២៩១.៥ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៥.១ លានដុល្លារអាមេរិក (១.៨%), កៅស៊ូនាំចេញមាន តម្លៃ ២៧២.៨ លានដុល្លារអាមេរិក កើនឡើងប្រមាណ៧លានដុល្លារអាមេរិក (២.៦%), និងកសិ ផលផ្សេងទៀតមានតម្លៃ ១ ១៥៩.៧ លានដុល្លារអាមេរិក កើនឡើង ២០១.៥ លានដុល្លារអាមេរិក (២១%)។
អគ្គនាយកដ្ឋានគយបានបន្តថា បន្ថែមពីលើការងារប្រមូលចំណូល ខ្លួន ក៏សម្រេចបាននូវវឌ្ឍនភាព ល្អប្រសើរលើការងារសំខាន់ៗមួយចំនួន ដែលមានចែងក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២២ ដូចជា៖ (១). ការពង្រឹងការងារបច្ចេកទេសនិងការអនុវត្តច្បាប់, (២). ការងារបង្ការនិងបង្ក្រាបអំពើ រត់គេចពន្ធ, (៣). ការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម, (៤). ការងារសវនកម្ម និងការគ្រប់គ្រងហានិភ័យ, (៥). ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការធ្វើទំនើប កម្មនិងសាមញ្ញកម្មនីតិវិធីគយ, (៦). ការធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននានា, និង (៧). ការអភិវឌ្ឍធនធានមនុស្សនិងស្ថាប័ន។
ឯកឧត្តម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានផ្ដល់ការណែនាំបន្ថែមដល់មន្រ្តីក្រោមឱវាទ អគ្គ នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តការងារពង្រឹង អភិបាលកិច្ច, ការកៀរគរចំណូល, និងការងារចំពោះមុខមួយចំនួនទៀត ដែលរួមមាន (១).ពង្រឹងអនុ លោមភាពការបំពេញបែបបទបញ្ចេញទំនិញពីគយ, (២).ពង្រឹងប្រសិទ្ធភាពការងារបច្ចេកទេសគយ, (៣).បន្តការងារបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងបន្លំពន្ធទាំងនៅដើមទី កណ្តាលទី និងចុងទី លើទំនិញចម្រុះដូចភ្លៀងរលឹម ប្រកបដោយប្រសិទ្ធភាព, (៤).ជំរុញការងារប្រមូលពន្ធអាករ លើរថ យន្តគ្មានពន្ធមានស្រាប់ ក្នុងប្រទេសឱ្យកាន់តែសកម្មថែមទៀត, (៥).ផ្តល់សេវាល្អ និងរហ័សជូនធុរ ជនពាក់ព័ន្ធ, (៦).រៀបចំកែលម្អសមាសភាពសមាជិកក្រុមការងារមួយចំនួន ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពការងារ, (៧).ត្រៀមរៀបចំកិច្ចប្រជុំជាតិ និងអន្តរជាតិសំខាន់ៗមួយចំនួន, (៨).ត្រៀម រៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា និង (៩).រៀបចំទិសដៅផែនការសកម្មភាពការងារដែលត្រូវអនុវត្តក្នុងឆ្នាំ២០២៣៕