(ក្រចេះ)៖ ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd ដែលជាក្រុមហ៊ុនចិន បានបើកដំណើរ ការកត់ត្រាទិន្នន័យស្លរ៉ែមាស ជាលើកទី១ របស់ខ្លួន នៅស្រុកសំបូរ ខេត្តក្រចេះ ក្រោមវត្ដមានលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។
ការបើកដំណើរការ កត់ត្រាទិន្នន័យស្លរ៉ែមាសលើកទី១ របស់ក្រុមហ៊ុននេះ ក៏មានការចូលរួមពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប នាថ្ងៃទី១០ ខែ តុលា ឆ្នាំ២០២២។
ក្នុងការបើកដំណើរការនេះ ក្រុមហ៊ុនបានកត់ត្រាថ្លឹងកំហាប់រ៉ែមាស (Gold Concentrates) មាន ទម្ងន់៧,៨៤៩ក្រាម និងបានយកកំហាប់រ៉ែមាសនោះទៅស្ល និងចាក់ចេញជាដុំមាស (Gold Doré) បានចំនួន៧ដុំ មានទម្ងន់សរុប ៨,២១២.២៧ក្រាម ដែលមានអត្រាភាពសុទ្ធ៩៩.៩%។
តាមគម្រោងសាកល្បង៣ខែដំបូង ក្រុមហ៊ុនគ្រោងផលិតឲ្យបាន២០គីឡូក្រាម ក្នុងមួយខែ ដែលគិត ត្រឹមខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ក្រុមហ៊ុនគ្រោងផលិតឲ្យបានចំនួន៦០គីឡូក្រាម។
ថ្លែងប្រាប់នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ បានបញ្ជាក់ថា ការបើកដំណើរការ កត់ត្រាទិន្នន័យស្លរ៉ែ មាស របស់ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd ចំពោះផលប្រយោជន៍ ដែលកម្ពុជា ទទួលបាន គឺមានចំណូលពីសួយសារ និងសារពើពន្ធ។
បន្ថែមពីនោះទៀត លោក អ៊ឹង ឌីប៉ូឡា បានឲ្យដឹងថា ទន្ទឹមនឹងប្រយោជន៍សេដ្ឋកិច្ច ដំណើរការអាជីវ កម្មស្លរ៉ែមាសនេះ គឺចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតនូវសមត្ថភាពជាតិ ក៏ដូចជាគំរូឧស្សា ហកម្មថ្មីមួយទៀត សម្រាប់ការធ្វើអាជីវកម្មធនធានរ៉ែ ប្រកបដោយការទទួលខុសត្រូវ និងការ អភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោក អ៊ឹង ឌីប៉ូឡា បានលើកឡើងថា ផលិតផលមាស ដែលបានពីការធ្វើអាជីវកម្មរ៉ែមាសនេះ គឺជាសមទ្ធិផលថ្មី និងជាប្រភពចំណូលថ្មីមួយ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើន ចំណូលរដ្ឋ និងជាវិភាគទានយ៉ាងសំខាន់មួយ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ នាពេលបច្ចុប្បន្ន និងអនាគត។
សូមបញ្ជាក់ថា ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd គឺជាក្រុមហ៊ុនទី៥ ដែលទទួលបាន នូវអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ក្នុងខែសីហា ឆ្នាំ២០១៨ នៅលើទំហំដីចំនួន២៨ គីឡូម៉ែត្រក្រឡា ពីក្រសួងរ៉ែ និងថាមពល ដើម្បីប្រតិបត្តិការអាជីវកម្មរ៉ែមាសរបស់ខ្លួន នៅតំបន់ខ្លិខ្លក់ ស្រុកសំបូរ ខេត្តក្រចេះ។
ក្រោយពីទទួលបានអាជ្ញាបណ្ណ ក្រុមហ៊ុនបានតម្លើងខ្សែសង្វាក់ផលិតកម្មអាជីវកម្មរបស់ខ្លួន តែ ដោយសារតែបញ្ហាកូវីដ១៩ ក្រុមហ៊ុនទើបតែបានបញ្ចប់ការសាងសង់ និងរៀបចំខ្សែសង្វាក់ផលិត កម្មរបស់ខ្លួន នៅក្នុងខែតុលា ឆ្នាំ២០២២នេះ៕