រយៈពេល​១០ថ្ងៃ​ មានយានយន្តជិត​ ១៣ម៉ឺនគ្រឿង បានចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ


 (ភ្នំពេញ)៖ គិតចាប់ពីថ្ងៃបើកឱ្យដំណើរការសាកល្បង នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដល់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ មានយានយន្តចំនួន ១២៥.៩៩៨គ្រឿង បានធ្វើចរាចរណ៍លើ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយបានចេញចូលតាមស្ថានីយទាំង ០៨ទីតាំង។ នេះបើ យោងតាម​ Facebook​ផ្លូវការរបស់ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ ដែល ទទួលបាននៅ ល្ងាចថ្ងៃទី១១​ ខែតុលា​ ឆ្នាំ២០២២ម្សិលមិញនេះ។

ក្រសួងសាធារណការ​ បានឱ្យដឹងទៀតថា​ ក្នុងចំណោមយានយន្តចំនួន ១២៥.៩៩៨គ្រឿង ដែល បានចរាចរណ៍រយៈពេល១០ថ្ងៃកន្លងមកនេះ មានករណីត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌ មាន និងស្វែងរកជំនួយសង្គ្រោះ សរុបចំនួន ៣៧៨ខ្សែ ដែលបានធ្វើការទាក់ទងទៅកាន់លេខ ១៣៩៩។

ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានស្នើឱ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមស្វែងយល់ និងអនុវត្ត តាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើកបរលើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការធ្វើដំណើររបស់បងប្អូនប្រកបដោយភាពសប្បាយ រីករាយ និងសុខសុវត្ថិភាព៕