(ភ្នំពេញ)៖ លោក Raja Randhir Singh ប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានផ្ញើ លិខិតថ្លែងអំណរគុណលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបានដឹកនាំ និងរៀបចំមហាសន្និបាតក្រុមប្រឹក្សា កីឡាអូឡាំពិកអាស៊ី លើកទី៤១ ប្រកបដោយភាពជោគជ័យ និងការចងចាំដ៏ល្អ សម្រាប់ប្រតិភូអាស៊ី និងថ្នាក់ដឹកនាំចលនាអូឡាំពិកអន្ដរជាតិដែលបានចូលរួមព្រឹត្តិការណ៍នេះកាលពីដើមខែតុលាកន្លងទៅ។យោងតាមលិខិតរបស់ប្រធានស្ដីទី OCA ដែលបានផ្ញើជូនឯកឧត្តម រដ្ឋមន្ដ្រី ថោង ខុន ខាង លើបានបញ្ជាក់ថា «សូមទទួលយកការគោរពដ៏ជ្រាលជ្រៅល្អបំផុតពីខ្ញុំ ក្នុងឱកាសនេះ ខ្ញុំសូមថ្លែង អំណរគុណឯកឧត្តម រួមទាំងមិត្តរួមការងារក្នុងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានរៀប ចំកម្មវិធីមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី នៅរាជធានីភ្នំពេញ ទទួលបានជោគជ័យ»។
ដោយមហាសន្និបាតអូឡាំពិកអាស៊ី បានធ្វើឡើងក្នុងលក្ខណៈមួយ ដែលមានជំនាញវិជ្ជាជីវៈច្បាស់ លាស់ ការទទួលបដិសណ្ឋារកិច្ចយ៉ាងល្អឥតខ្ចោះជូនដល់ប្រតិភូកីឡាក្រុមប្រឹក្សាអូឡាំពិកអាស៊ី។ ប្រតិភូទាំងអស់ បានទទួលនៅការចង់ចាំដ៏អស្ចារ្យក្នុងការអញ្ជើញមកចូលរួមក្នុងមហាសន្និបាតនេះ។ ខ្ញុំសូមជូនពរឲ្យឯកឧត្តម ទទួលបានជោគជ័យក្នុងការងារ និងសម្រេចបានលទ្ធផលល្អ និងស្នាដៃ ធំៗបន្ថែមទៀត ក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម នៅកម្ពុជានាពេលខាងមុខ»។
សូមរំឮកថា មហាសន្និបាត OCA លើកទី៤១ នៅកម្ពុជា បានប្រព្រឹត្តទៅ កាលពីថ្ងៃទី០១-០៥ ខែតុលា ខណៈពិធីបើកមហាសន្និបាត នៅថ្ងៃទី០៤ ខែតុលា បានធ្វើឡើងក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយសម្ដេចបានថ្លែងនូវសន្ទរកថា គន្លឹះ សម្រាប់សមាជិកក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដែលបានចូលរួម ក្នុងន័យរួមចំណែកអភិវឌ្ឍន៍ វិស័យកីឡាក្នុងតំបន់អាស៊ីឲ្យកាន់តែរីកចម្រើនទៀតផង។
អ្វីដែលគួរឲ្យកត់សម្គាល់ ក្នុងឱកាសនៃមហាសន្និបាតខាងលើ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី ក្រសួងទេសចរណ៍ និងជាប្រធាន NOCC ក៏បានទទួលគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត «ខ្សែកមាស» ពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី(OCA) ចំពោះការលះបង់ និងការខិតខំប្រឹងប្រែង ក្នុងការជំរុញចលនាអូឡាំពិកកម្ពុជា ក៏ដូចជាចលនាអូឡាំពិកអន្ដរជាតិផងដែរ៕