(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បាន អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់អគារអន្ដេវាសិកដ្ឋាន ទីចាត់ការ បណ្ណាល័យ និង សមិទ្ធផលនានា នៅវិទ្យាល័យសម្ដេចក្រឡាហោម ស ខេង តាគ្រាម ស្ថិតនៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
ពិធីនេះក៏មានការចូលរួមអមដំណើរពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុយ រី ប្រធាន ក្រុមប្រឹក្សាខេត្ត, ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អាជ្ញាធរស្រុកបាណន់ មន្រ្តីរាជការ កងម្លាំង ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាច្រើនរូបចូលរួមផង ដែរ។ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងគណ បក្សប្រជាជនកម្ពុជា ក្នុងការកសាងសាលារៀនឱ្យបានទៅដល់មូលដ្ឋានប្រជាពលរដ្ឋ ព្រមទាំងសំ ណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗបម្រើផលប្រយោជន៍សាធារណៈ។
សម្ដេចក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋាន និងសប្បុរសជនដែលរួមក ម្លាំងសាមគ្គីគ្នាជាមួយប្រជាពលរដ្ឋ បរិច្ចាគធនធាន គាំទ្រដំណើរការកសាងសមិទ្ធផលនានាក្នុង មូលដ្ឋាននេះឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម បានបន្តថា បន្ទាប់ពីបញ្ចប់សង្គ្រាមនាំមកនូវសុខសន្តិភាព ហើយនោះ ខ្មាំងសត្រូវនាពេលបច្ចុប្បន្នរបស់ជនរួមជាតិ យ៉ាងហោចណាស់មានបី គឺទី១៖ ភាពល្ងិតល្ងង់ ឬអវិជ្ជា, ទី២៖ ភាពក្រីក្រ និងទី៣៖ គឺខ្លួនឯង ដោយសម្ដេចបន្ថែមថា «ចង់ប្រឆាំងគេ ឈ្នះ ចង់វាយគេឱ្យឈ្នះ ត្រូវឈ្នះភាពឆេវឆាវ និងចិត្តអំណួតខ្លួនឯងសិន ចិត្តលោភលន់ មើលងាយ មើលថោកអ្នកដទៃ នោះហើយជាខ្មាំងសត្រូវរបស់យើង»។
សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ពីការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះ គោលនយោបាយអាទិភាព៤ គឺមនុស្ស ផ្លូវ ទឹក និងភ្លើងអគ្គិសនី ដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម បំពេញសេចក្ដីត្រូវការប្រជាពលរដ្ឋ ព្រមទាំងឈានទៅប្រកួតប្រជែងសមត្ថភាពធន ធានមនុស្សទាំងក្នុងតំបន់ និងអន្តរជាតិ។
សម្ដេចក៏បានថ្លែងអំពីវឌ្ឍនភាព នៃការអនុវត្តសាកល្បងការផ្ទេរការគ្រប់គ្រងសាលាបឋម និង មត្តេយ្យសិក្សាមកឱ្យរដ្ឋបាលក្រុង ស្រុកជាអ្នកគ្រប់គ្រងផងដែរ៕