ប្រមុខការទូតរុស្ស៉ី លើកឡើងថា «បំណងចង់ឲ្យមានការវាយប្រហារទប់ស្កាត់របស់លោក ហ្សេលេនស្គី សមនឹងឲ្យទីក្រុងមូស្គូ បើកប្រតិបត្តិការយោធាពិសេស»

 (មូស្គូ)៖  យោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២ គឺ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គី ឡារ៉ូវ (Sergei Lavrov) បាននិយាយនៅ ថ្ងៃសុក្រនេះថា សម្តីរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលចង់ឲ្យអង្គការ ណាតូ (NATO) គួរបើកការវាយប្រហារលើប្រទេសរុស្ស៊ីដើម្បីការពារខ្លួន គឺបានបញ្ជាក់យ៉ាងច្បាស់ ពីតម្រូវការដែលទីក្រុងមូស្គូ ត្រូវបើកនូវអ្វីដែលលោកហៅថា «ប្រតិបត្តិការពិសេស» នៅអ៊ុយក្រែន។

នៅក្នុងកិច្ចពិភាក្សាជាមួយក្រុមអ្នកជំនាញនយោបាយអូស្ត្រាលី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ហ្សេលេនស្គី បានលើកឡើងថា លោកជឿថា ការវាយប្រហារទប់ស្កាត់គឺជារឿងចាំបាច់ ដើម្បី រារាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ប៉ុន្តែមិនបានលម្អិតថាតើជាការវាយប្រហារបែបណាទេ ហើយ ក៏មិនបានបញ្ជាក់អំពីតម្រូវការសម្រាប់ ការវាយប្រហារដោយនុយក្លេអ៊ែរនោះដែរ។

លោក ឡារ៉ូវ បានគូសបញ្ជាក់ថា «ការដែរលោកលោក ហ្សេលេនស្គី លើកឡើងបែបនេះ វាដូចជាបាន បង្ហាញដល់ពិភពលោក នូវភស្តុតាងដ៏សំខាន់បន្ថែមទៀត អំពីការគំរាមកំហែងពីសំណាក់រដ្ឋាភិបាល ទីក្រុងកៀវ។ ហើយនេះជាមូលហេតុដែល ប្រតិបត្តិការយោធាពិសេសមួយ ត្រូវធ្វើឡើងដើម្បីបន្សាប ពួកគេ»

សូមបញ្ជាក់ថា រុស្ស៉ី បានបើកការឈ្លានពានអ៊ុយក្រែន ក្រោមហេតុផលដើម្បីលុបបំបាត់យោធា និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសជិតខាងខ្លួនមួយនេះ ខណៈអ៊ុយក្រែនក៏ដូចជាលោក ខាងលិច បានច្រានចោលការអះអាងបែបនេះ ថាជាលេសដែលគ្មានមូលដ្ឋាន៕