(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសំណូមពរឱ្យ ប្រជាពលរដ្ឋនៅឃុំ ព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប រក្សាភាពស្ងប់ស្ងាត់ ដោយការស្តារបារាយនឹងមិនប៉ះ ពាល់គ្រប់គ្នាទេ ខណៈរាជរដ្ឋាភិបាល នឹងគិតគូរឱ្យបានម៉ត់ចត់បំផុត។
ចំពោះរឿងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់តាំង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង លោកស្រីភឿង សកុណា ចុះទៅពន្យល់ និងដោះស្រាយជូនប្រជាពលរដ្ឋផងដែរ។
ថ្លែងក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» ពិភាក្សាពីការស្តារកម្ពុជាក្រោយ វិបត្តិជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ បានលើកឡើងថា «យើង មិនទាន់មានការប៉ះពាល់ណាមួយទៅលើប្រជាជននៅឃុំព្រះដាក់នោះទេ យើងគ្រាន់តែបានគិតគូអំពី ហេដ្ឋារចនាសម្ព័ន្ធរបស់អង្គរ ដែលមុននេះមានបារាយខាងកើត ដែលអាចមានទឹករហូតដល់៣០ លានម៉ែត្រគីប»។
សម្តេចបានបន្ថែមថា ឃុំព្រះដាក់ត្រូវបានកសាងឡើងប្រមាណ៣០០-៤០០ឆ្នាំមុនមកហើយ ហើយ ឃុំនេះស្ថិតនៅជាឃុំមួយដែលទាក់ទងទៅនឹងផ្នែករដ្ឋបាលដែនដីរបស់យើងទៀតផង ប៉ុន្តែហេតុដូច ម្តេចបានជាប្រជាជនចាប់ផ្តើមព្រួយបារម្ភចំពោះរឿងនេះ។
សម្តេចបញ្ជាក់បន្ថែមថា «សូមស្ងប់ស្ងាត់ យើងនឹងគិតគូរឱ្យម៉ត់ចត់ ខ្ញុំនឹងបញ្ជូន ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី ជា សុផារ៉ា និងលោកជំទាវ ភឿង សកុណា ទៅជួបជាមួយបងប្អូននៅថ្ងៃស្អែក និងមានការជួប ជុំដើម្បីពន្យល់»។
សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា រាជរដ្ឋាភិបាលកំពុងសិក្សាអំពីលទ្ធភាពដាក់ទឹកទៅក្នុង បារាយដើម្បីទ្រទ្រង់អង្គរ។ សម្តេចបញ្ជាក់ថា យើងមិនដាក់ទឹកដល់៣០លានម៉ែត្រគូប ដើម្បីទាញ ប្រជាជនចេញនោះទេ។ សម្រាប់ដីនៅរុនតាឯក វិញនៅសល់ប្រមាណ២០០ឡូតិ៍ សម្តេចបានបញ្ជា ឱ្យចាប់ផ្តើមរៀបចំដីនៅតំបន់ពាក់ស្នែង។ សម្តេចក៏បានបញ្ជាឱ្យរៀបចំវត្តនៅតំបន់នេះផងដែរ។
សម្តេចបានចាត់ទុកថា ករណីនៅឃុំព្រះដាក់ជារឿងទទួលព័ត៌មានមិនច្បាស់ ធ្វើឱ្យមានការយល់ ច្រឡំ ដែលរាជរដ្ឋាភិបាល មិនមានការបណ្តេញនោះទេ។ សម្តេចបានលើកឡើងថា រាជរដ្ឋាភិបាលកំពុងស្តារបាតអាង និងសិក្សាអំពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។ សម្តេចបានលើកឡើងថា ផលប៉ះពាល់នោះមិនមែនពលរដ្ឋមួយឃុំឡើយ៕