(ភ្នំពេញ)៖ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅរយៈពេល ៩ខែ ឆ្នាំ ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែកញ្ញា ប្រមូលចំណូលពន្ធ និងអាករបានចំនួន ២០២២.២ លានដុល្លារ ស្មើនឹង៧៨.៦១ភាគរយនៃផែនការច្បាប់ថវិកាជាតិ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានដើម្បីបង្ហាញពីលទ្ធផលនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ លោក គុណ ញឹម បានឲ្យដឹងថា លទ្ធ ផលនៃការប្រមូលពន្ធក្នុងឆ្នាំ២០២២នេះ ទទួលបានតួលេខល្អប្រសើរ បើធៀបនឹងឆ្នាំ២០២០ និងឆ្នាំ២០២១។
ឯកឧត្តម គុណ ញឹម បានថ្លែងឲ្យដឹងថា «លទ្ធផលនៃការប្រមូលពន្ធអាកររយៈពេល៩ខែ ឆ្នាំ២០២២ នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលចំណូលបាន ២០២២.២លានដុល្លារ ហើយបើគិត ជាភាគរយនៃច្បាប់ថវិកាមានចំនួន ៧៨.៦១ភាគហើយនេះជាតួលេខមួយដ៏ល្អ»។
ឯកឧត្តម បន្ដថា អគ្គនាយកដ្ឋានគរ និងរដ្ឋាករកម្ពុជាសង្ឃឹមរំពឹងថា ការអនុវត្តន៍ផែនការចំណូលក្នុង ឆ្នាំ២០២២នេះ អាចនឹងគ្រប់ផែនការ ឬលើសផែនការតិចតួច ដោយសារតែពេលនេះជាកាលៈ ទេសៈ និងពេលវេលាមួយឆ្លងផុតការលំបាក ព្រោះថា ក្នុងឆ្នាំ២០២០-២០២១ ជាពេលវេលាដែល លំបាក បង្កឡើងដោយការរីករាលដាលនៃជំងឺកូវីដ១៩ រហូតដល់មានការបិទខ្ទប់ប្រទេសផងដែរ ដែលជាមូលហេតុធ្វើឲ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលមិនគ្រប់ផែនការ។ ជាក់ស្ដែងក្នុងឆ្នាំ២០២០ អគ្គនាយកដ្ឋានគយ ប្រមូលចំណូលបានត្រឹមតែ ៨៣.៥ភាគរយនៃច្បាប់ វិកា និងឆ្នាំ២០២១ ប្រមូលបានត្រឹមតែ ៨៧ភាគរយនៃផែនការប៉ុណ្ណោះ។
សូមជម្រាបថា នៅឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ៩២៩៥ .៧ ប៊ីលានរៀលស្មើនឹង ២ ២៩៥.២ លានដុល្លារថយចុះប្រមាណ ៥.១% ធៀបនឹងចំណូលប្រមូល បានក្នុងឆ្នាំ២០២០៕