(កំពង់ឆ្នាំង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន ណែនាំដល់កងទ័ពត្រូវប្រឹងប្រែងហ្វឹកហាត់ ប្រើប្រាស់យុទ្ធោបករណ៍ទំនើបៗ ដើម្បីប្រើឱ្យមាន ប្រសិទ្ធភាព ក្នុងកិច្ចការងារការពារជាតិ។
ការណែនាំបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងឱកាស ដែលសម្តេចរួម ជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា អញ្ជើញជាអធិបតីភាពប្រគល់រថយន្ត និងសម្ភារយោធា ដែលជាជំនួយឥតសំណងរបស់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមា និតចិន ដល់ក្រសួងការពារជាតិ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំរីករាយ ស្រុកសាមគ្គី មានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា៖ «ខ្ញុំចង់បញ្ជាក់ដល់នាយទាហានទាំងអស់ នៅគ្រប់កង ឯកភាពឱ្យយកចិត្តទុកដាក់ ក្នុងហ្វឹកហ្វឺន រៀនសូត្រ ឈានទៅដល់ការប្រើប្រាស់ឱ្យមានប្រសិទ្ធភាព ឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់យើង នៅពេលប្រើប្រាស់ឱ្យបានដោយស្ទាត់ជំនាញ កិច្ចការងារ នេះមិនងាយស្រួល និងសាមញ្ញនោះទេ ចាំបាច់ត្រូវតែយកចិត្តទុកដាក់»។
ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា សម្រាប់កិច្ចការងារប្រើប្រាស់ យុទ្ធោបករណ៍ទំនើបៗ គឺមិនមែនជារឿងងាយស្រួលនោះទេ ដូច្នេះនាយទាហាន ពលទាហាននៅ គ្រប់កងឯកភាពទាំងអស់ ត្រូវតែខិតខំយកចិត្តទុកដាក់ ឱ្យបានច្បាស់លាស់ ចំពោះលទ្ធភាពនៃការ ប្រើប្រាស់។
«យើងត្រូវតែយកចិត្តទុកដាក់មែនទែន មិនមែនយកចិត្តទុកដាក់ស្ទើរៗបានជាដាច់ខាត ត្រូវរៀនឱ្យ បានចេះស្ទាត់ ទើបសម្ភារដែលជាកម្លាំងជំនួយទាំងនេះ វាមានប្រសិទ្ធភាព សម្រាប់ពេលយើងប្រើ ប្រាស់ យើងត្រូវរៀនឱ្យចេះប្រើប្រាស់បច្ចេកទេសទំនើបៗនាពេលបច្ចុប្បន្ននេះ»។ នេះជាការណែនាំបន្ថែម របស់សម្តេចពិជ័យសេនា ទៀ បាញ់។
ទន្ទឹមនឹងនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានក្រើនរំឮកដល់កងឯកភាពទ័ពទាំងអស់ ត្រូវតែ ចេះថែរក្សាយុទ្ធោបករណ៍ទ័ព ដែលមានតាមលក្ខណៈបច្ចេកវិទ្យាទំនើបៗ ដើម្បីធ្វើយ៉ាងណាកុំ ឱ្យសម្ភារទាំងនេះ ទទួលរងការខូចខាតដោយប្រការណាមួយ។
ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានកោតសសើរដល់កងរាជអាវុធហត្ថ ដែល បានខិតខំបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ រួមចំណែកយ៉ាងសំខាន់ការរក្សាសណ្តាប់ធ្នាប់ ការ ពារ និងទប់ស្កាត់រាល់បទល្មើសទាំងឡាយជាបន្តបន្ទាប់ ដែលកសាងបាននូវជំនឿទុកចិត្តពីសំណាក់ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ ដែលជាកម្លាំងមួយជំរុញយ៉ាងខ្លាំង ធ្វើការទំនាក់ទំនងស្វែង សម្ភារទំនើបៗបំពាក់ដល់កងរាជអាវុធហត្ថ ដើម្បីបម្រើភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាបានទទួលនូវរថយន្ត និង សម្ភារយោធាទំនើបៗ ដែលភាគីចិន បានប្រគល់ជូនកម្ពុជា វានឹងជួយជំរុញសមត្ថភាពរបស់កង ទ័ពកម្ពុជា ក្នុងបំពេញភារកិច្ចរបស់ខ្លួនឡើងបានមួយកម្រិតទៀត ពេលដែលកងទ័ពទាំងអស់បាន សិក្សា ចេះពីរបៀបប្រើប្រាស់យុទ្ធោបករណ៍ទំនើបៗទាំងអស់នេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា «រៀនឱ្យចេះប្រើប្រាស់វា រឿងនេះវាជាកិច្ចការងារ សំខាន់ខ្លាំងណាស់ ដូចខ្ញុំបាននិយាយថា កម្រិតនៃការពារជាតិរបស់យើងត្រូវបានលើកកម្ពស់ជាបន្ត បន្ទាប់ មិនមែនយើងប្រើតែកម្លាំងបាយមួយមុខទេ យើងត្រូវតែមានឧបករណ៍បរិក្ខារទំនើបៗ សម្រាប់ឱ្យយើងបំពេញភារកិច្ចបានជោគជ័យ»។
សូមបញ្ជាក់ រថយន្ត និងសម្ភារយោធាដែលជាជំនួយឥតសំណងរបស់ក្រសួងការពារប្រទេស នៃ សាធារណរដ្ឋប្រជាមានិតចិន ដែលបានប្រគល់ជូនក្រសួងការពារកម្ពុជា នាពេលនេះមានរថយន្ត ជាង ១០០គ្រឿង និងសម្ភារយោធាជាច្រើនផ្សេងទៀត ត្រូវបានប្រគល់បន្តដល់កងរាជអាវុធហត្ថ លើផ្ទៃប្រទេស សម្រាប់បម្រើដល់វិស័យការពារជាតិ៕