(យូអិន)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២គឺ មហាសន្និបាតអង្គការសហប្រជាជាតិដែលមានសមាជិកចំនួន ១៩៣ប្រទេស នៅថ្ងៃសុក្រសប្តាហ៍នេះ នឹងពិចារណាលើសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គីដែលចង់ថ្លែងសារទៅកាន់ការជួបជុំប្រចាំឆ្នាំរបស់មេដឹកនាំពិភពលោកនៅសប្ដាហ៍ក្រោយនេះ តាមរយៈវីដេអូដែលត្រូវបានថតទុកជាមុន។
ដំបូងឡើយ លោក ហ្សេលេនស្គី ត្រូវមានវត្តមានដោយផ្ទាល់ក្នុងជំនួបនៃមហាសន្និបាត UN ដែល នឹងធ្វើឡើងនៅថ្ងៃពុធ ទី២១ ខែកញ្ញាខាងមុននេះ។ ប៉ុន្តែ លោក ហ្សេលេនស្គី មិនអាចមកចូលរួម ដោយផ្ទាល់បាន ដោយសារតែការឈ្លានពានរបស់រុស្ស៊ីកំពុងបន្តធ្វើឡើងនៅអ៊ុយក្រែន នៅឡើយ ដូច្នេះហើយទើបកលោកចង់ថ្លែង សុន្ទរកថាតាមរយៈវីដេអូថតទុកជាមុន។ ក៏ប៉ុន្តែ ឯកអគ្គរដ្ឋទូត រុស្ស៊ីប្រចាំ UN លោក វ៉ាស់ស៉ីលី ណេបិនហ្ស៉ីយ៉ា (Vassily Nebenzia) បាននិយាយកាលពីថ្ងៃពុធ សប្តាហ៍នេះថា រុស្ស៊ីប្រឆាំងនឹងការអនុញ្ញាតឱ្យលោក ហ្សេលេនស្គី ថ្លែងសុន្ទរកថាតាមរយៈវីដេអូ៕