ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពាវនាវឱ្យប្រជាពលរដ្ឋ ប្រើប្រាស់រថយន្តប្រើថាមពលអគ្គិសនី ដើម្បីកាត់បន្ថយការចំណាយ


 (សៀមរាប)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមប្រើប្រាស់រថយន្តដែលដើរ ដោយថាមពលអគ្គិសនី ដើម្បីកាត់បន្ថយការចំណាយ ព្រមទាំងកាត់បន្ថយការបំពុលបរិស្ថាន។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងយ៉ាងដូចនេះនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នេះ ក្នុងឱកាសអញ្ជើញសម្ពោធឱ្យដំណើរការជាផ្លូវការ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV) ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា នេះជាម៉ាស៊ីនទី៣ហើយដែលអង្គការ UNDP បានផ្ដល់មកដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយម៉ាស៊ីនទី១ បានដាក់នៅទីស្តី ការក្រសួងសាធារណការ និងដឹកជញ្ជូន ម៉ាស៊ីនទី២ ត្រូវបានតម្លើងនៅខេត្តព្រះសីហនុ និងម៉ាស៊ីន ទី៣ បានតម្លើងនៅសៀមរាប និងម៉ាស៊ីនទី៤ នៅខេត្តបាត់ដំបង។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា ដោយបានការទទួលឯកភាពពីសម្ដេចតេជោ ហ៊ុន សែន ក្រុមការងារអន្តរក្រសួង ក៏រៀបចំយុទ្ធសាស្ត្រដើម្បីតម្លើងស្ថានីយបញ្ចូល ថាមពលយានយន្តអគ្គិសនី នៅប្រទេសកម្ពុជា។ ជាមួយគ្នានោះដែរក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០២២ ក្រសួងសាធារណការ បានចុះបញ្ជីរថយន្តប្រើប្រាស់ ថាមពលអគ្គិសនីបាន ៣០៥គ្រឿង បើបើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ មានតែចំនួន១៦គ្រឿងទេ ដែលចំនួននេះគឺមានការកើនឡើងគួរឱ្យកត់សម្គាល់ ចំពោះប្រជាពលរដ្ឋដែលបានងាកមកប្រើរថយន្តអគ្គិសនី។

ទន្ទឹមនឹងនោះដែរឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដែរថាចំពោះពន្ធនាំចូលសំរាប់ ឡានធម្មតាគឺមានចំនួន ១២២ភាគរយ ដោយឡែកអគ្គិសនីវិញ មានត្រឹមតែ ៥០ភាគរយប៉ុណ្ណោះ ហើយចំពោះការប្រើប្រាស់រថយន្តអគ្គិសនីនេះមានតម្លៃទាបជាង ៣ដងផងដែរ បើធៀបទៅនឹងការ ប្រើប្រាស់រថយន្ត ដោយប្រើប្រេង ឥន្ធនៈ ហើយគ្រឿងបន្លាស់ក៏មានតម្លៃថោក និងកាត់បន្ថយការ បំពុលបរិស្ថានផងដែរ៕