ឯកឧត្តម ប៉ាន សូរស័ក្តិ លើកឡើងថា ក្នុងឋានៈប្រធានអាស៊ាន កម្ពុជាបង្កើតគំនិតផ្ដួចផ្ដើមមួយចំនួន ដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្មឌីជីថលអាស៊ាន


 (សៀមរាប)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន បានគូសបញ្ជាក់ថា ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជាបង្កើតគំនិតផ្ដួចផ្ដើមមួយចំនួន ដើម្បីលើក កម្ពស់ការធ្វើសមាហរណកម្មឌីជីថលអាស៊ាន។ គំនិតផ្តួចផ្តើមនោះមានដូចជាការសិក្សាលទ្ធភាពម៉ូដែលបញ្ជូនបច្ចេកវិទ្យា សម្រាប់គម្រោងពាក់ព័ន្ធ នឹង SDGs ក្នុងការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងនិរន្តរភាព និងក្របខណ្ឌសម្រាប់ជំរុញ កំណើននៃ Ecosystems សម្រាប់អាជីវកម្មឌីជីថលថ្មីក្នុងតំបន់អាស៊ាន។

ឯកឧត្តម រដ្ឋមន្ត្រី បានគូសរំលេចបែបនេះ ក្នុងកិច្ចប្រជុំក្រុមសកម្មភាពថ្នាក់តំបន់សម្រាប់អាស៊ាន របស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum’s Regional Action Group for ASEAN) ក្រោមប្រធានបទ “ផ្លូវរបស់អាស៊ានឆ្ពោះទៅសេដ្ឋកិច្ចឌីជីថលប្រកបដោយថាមវន្ដ បរិយា បន្ន និងនិរន្តរភាព” ដែលរៀបចំឡើងដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅរសៀលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប។ កិច្ចប្រជុំនេះ មានគោលបំណងនាំយកអ្នកវិនិយោគ និងប្រធានក្រុមហ៊ុនមួយចំនួនមកប្រទេសកម្ពុជា ដើម្បីពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន ក្នុងការជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយថាមវន្ដ បរិយាបន្ន និងនិរន្ដរភាព ក្នុងតំបន់អាស៊ាន។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់អំពី ការខិតខំប្រឹងប្រែងនិងការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាញយកកាលានុវត្តភាព និងផលប្រយោជន៍នៃការរីកចម្រើន នៃប្រព័ន្ធបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល ដែលសកម្មភាពរបស់រាជរដ្ឋាភិបាល រួមមានដូចជា ការបង្កើត គណៈកម្មាធិការ រដ្ឋាភិបាល ឌីជីថល, គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល, ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥, ការបង្កើតបញ្ជរតែមួយ ជាតិនិងចូលរួម ASEAN Single Windows, និង ការអនុវត្តក្របខណ្ឌគោលនយោបាយក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។

ឯកឧត្តម រដ្ឋមន្ដ្រី ប៉ាន សូរស័ក្តិ បានបន្ដថ្លែងអំពីការធ្វើសមាហរណកម្មឌីជីថលក្នុងកម្រិតតំបន់ អាស៊ាន បន្ថែមលើ AEC Blueprint 2025 ដែលមានដូចជា ផែនការមេ ICT អាស៊ាន ២០២០, ផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ២០២៥, ក្របខណ្ឌអាស៊ានសម្រាប់ការការពារទិន្នន័យផ្ទាល់ខ្លួន, និងផែនការសកម្មភាពយុទ្ធសាស្ដ្រអាស៊ានសម្រាប់ការអភិវឌ្ឍ SME ២០២៥, កិច្ចព្រមព្រៀង អាស៊ានស្ដីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, និង Bandar Seri Begawan Roadmap។

ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ដ្រី បានថ្លែងអំពីសារសំខាន់កិច្ចសហការរវាងវិស័យរដ្ឋនិងភាគី ពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ក្នុងការលើកស្ទួយបរិវត្តកម្មឌីជីថល ដើម្បីពង្រឹងភាពធន់នៃ សេដ្ឋកិច្ចអាស៊ាន ប្រកបដោយបរិយាបន្ន និងនិរន្ដរភាព។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសរំលេចដែរថា កិច្ចប្រជុំថ្ងៃនេះ ផ្តោតលើផ្លូវរបស់អាស៊ានឆ្ពោះទៅ កាន់សេដ្ឋកិច្ចឌីជីថលប្រកបដោយថាមវន្ដ បរិយាបន្ន និងនិរន្ដរភាព។ កិច្ចប្រជុំនេះ គឺជាវេទិកាយ៉ាង សំខាន់ក្នុងការចូលរួមចំណែកផ្ដល់នូវទស្សនទានល្អៗពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការវិស័យរដ្ឋ ឯកជន ក្នុងតំបន់អាស៊ាន៕