(អ៉ីស្លាម៉ាបាដ)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ អោយដឹងថា ក្រុមមន្រ្តីប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍ កន្លងទៅនេះថា អាជ្ញាធរតំបន់ភាគខាងត្បូង គ្រោងនឹងជីកផ្តាច់ផ្លូវហាយវ៉េ អ៉ីនឌូស (Indus) ដែល ជាផ្លូវតភ្ជាប់ការដឹកជញ្ជូនដ៏សំខាន់មួយរបស់ប្រទេសប៉ាគីស្ថាន ដើម្បីបើកឲ្យទឹកហូរ និងទប់ស្កាត់ ការជន់លិចទីក្រុងដាឌូ (Dadu)។
យ៉ាងហោចណាស់មានស្រុកចំនួន៣ នៃទីក្រុងដាឌូ
ជាទីដែលផ្លូវហាយវ៉េ Indus ត្រូវបានជន់ទឹក លិច
និងបានធ្វើឱ្យការធ្វើចរាចរណ៍ត្រូវផ្អាកជាច្រើន សប្តាហ៍មកនេះ
ខណៈផ្លូវហាយវ៉េផ្សេងទៀត របស់ប្រទេសប៉ាគីស្ថាន ដែលតភ្ជាប់ភាគខាងជើង និងខាងត្បូង
ក៏រងការខូចខាតធ្ងន់ធ្ងរដោយទឹក ជំនន់ផងដែរ។
លោក ស៊ីយីត ម៊ូតាហ្សា អាលី សាហ៍ (Syed Murtaza Ali Shah) ស្នងការទីក្រុងឌូដា បានលើក ឡើងយ៉ាងដូច្នេះថា «តំបន់ទាំងឡាយដែលត្រូវបានទឹកជន់លិច កំពុងឈានចូលដល់ដំណាក់កាល ស្តារឡើងវិញ
ប៉ុន្តែយើងត្រូវប្រុងប្រយ័ត្នរហូត ទាល់តែទឹកហូរចេញពីជ្រលងភ្នំទៅអស់»។ លោកបន្ថែមថាផ្លូវហាយវ៉េមួយនេះ អាចនឹងត្រូវបានកាត់ផ្តាច់។
លោក សាហ៍ បានប្រាប់ Reuters ឲ្យដឹងថា ៩០ភាគរយនៃស្រុកជុំវិញទីក្រុងដាឌូ ត្រូវបានជន់លិច ដូច្នេះទីក្រុង Dadu នៅតែស្ថិតក្រោមការគំរាមកំហែងដែល អាជ្ញាធរកំពុងព្យាយាមការពារ ហើយ រដ្ឋាភិបាលបានផ្តល់គ្រឿងចក្រ និងសម្ភារៈទាំងអស់ដែលត្រូវការសម្រាប់សាងសង់ទំនប់៕