សម្តេចតេជោ ហ៊ុន សែន នឹងអវត្តមាននៅថ្ងៃភ្ជុំ ដោយសារទៅថ្លែងសុន្ទរកថានៅអាមេរិក, ទស្សនកិច្ច នៅគុយបា និងគោរពវិញ្ញាណក្ខន្ធលោក អាបេ នៅជប៉ុន


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ បានថ្លែងថា សម្តេចនឹងមិនមានឱកាស ដើម្បីប្រារព្ធពិធីភ្ជុំបិណ្ឌនោះទេ ដោយសារតែសម្តេចនឹង អញ្ជើញទៅថ្លែងសុន្ទរកថា ក្នុងកម្មវិធីរបស់អង្គការសហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉ក សហរដ្ឋ អាមេរិក, ធ្វើទស្សនកិច្ចនៅទីក្រុងឡាហាវ៉ា ប្រទេសគុយបា និងទៅគោរពវិញ្ញាណក្ខន្ធលោក ស៊ីនហ្ស៊ូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

តាមរយៈសារពិសេស ដែលទទួលបាន សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ទោះជាយ៉ាងនេះក្តី សម្តេចតេជោនៅតែអាចមើលការងារពីចម្ងាយបាន ជាមួយការទទួលខុសត្រូវរបស់សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលពេលនោះសម្តេចក្រឡាហោម ទទួលខុសត្រូវក្នុងនាមជានាយករដ្ឋមន្ត្រីស្តីទី។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «យោងតាមកម្មវិធី នៅថ្ងៃភ្ជុំ ខ្ញុំព្រះ ករុណា កំពុងនៅទីក្រុងឡាហាវ៉ា ប្រទេសគុយបា ប្រសិនបើមិនមានការប្រែប្រួលនោះទេ។ ថ្ងៃទី២១ (ខែកញ្ញា ឆ្នាំ២០២២) ខ្ញុំព្រះករុណា នឹងចាកចេញឆ្ពោះទៅកាន់ទីក្រុងញូវយ៉ក ដើម្បីថ្លែងសុន្ទរកថា នៅថ្ងៃទី២៣ ខែកញ្ញា។ បន្ទាប់ទៅ ធ្វើទស្សនកិច្ចនៅប្រទេសគុយបាយ នៅថ្ងៃទី២៤-២៥ (ខែកញ្ញា) ចំពេលដែលភ្ជុំបានមកដល់។ (បន្ទាប់មក) នឹងហោះទៅទីក្រុងតូក្យូ ដើម្បីចូលរួមបុណ្យសព អតីត នាយករដ្ឋមន្ត្រីជប៉ុន ស៉ីនហ្ស៊ូ អាបេ»

សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២២នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២៕