សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាចង់ឃើញអាស៊ាន និងសកលលោក មានសុខសន្តិភាព ស្ថិរភាព និងវិបុលភាពប្រកបដោយចីរភាព និងបរិយាបន្ន


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាចង់ឃើញតំបន់ អាស៊ាន និងសកលលោកទាំងមូល មានសុខសន្តិភាព ស្ថិរភាព និងវិបុលភាពប្រកបដោយចីរភាព និងបរិយាបន្នយ៉ាងពិតប្រាកដ។

សម្តេចតេជោ ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ ២០២២ នេះ កម្ពុជា បាននិងកំពុងចូលរួមយ៉ាង សកម្មក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ក្នុងគ្រប់ទម្រង់ និងគ្រប់វិស័យ ទាំងផ្នែកសង្គម-សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងនយោបាយ ជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងសហគមន៍អន្តរជាតិ ទាំងក្នុងក្របខណ្ឌប្រទេស និងតំបន់ ជាពិសេសតាមរយៈ ការរៀបចំវេទិកាសន្ទនាដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាចង់ឃើញតំបន់អាស៊ាន ក៏ ដូចជាសកលលោកទាំងមូល មានសុខសន្តិភាព ស្ថិរភាព និងវិបុលភាពប្រកបដោយចីរភាព និង បរិយាបន្នយ៉ាងពិតប្រាកដ ជាមួយនឹងការគោរព អធិបតេយ្យភាពនៃប្រទេសនីមួយៗ ការអនុវត្តតាម ច្បាប់អន្តរជាតិ ជាពិសេស ធម្មនុញ្ញអង្គការសហប្រជាជាតិ និងការប្រកាន់ខ្ជាប់ជានិច្ចនូវយន្តការ ពហុភាគីនិយម ដែលមានការចូល រួមសន្ទនាពីគ្រប់ភាគីពាក់ព័ន្ធ និងការរួមគ្នាស្វែងរកដំណោះស្រាយ បញ្ហាប្រឈមដោយសន្តិវិធី ជាមួយនឹងស្មារតីបើកចំហ យោគយល់ និងអត់ធ្មត់ឱ្យគ្នាទៅវិញទៅមក»

សម្ដេចតេជោ បានជូនពរឱ្យវេទិកា ដំណើរការទៅដោយរលូន និងប្រកបដោយលទ្ធផលជាផ្លែផ្កា៕