(ភ្នំពេញ)៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នេះ បានចេញសេចក្តីជូនដំណឹងប្រកាសពីការ ប្រឡងជ្រើសរើសមន្ត្រីរាជការ ឲ្យចូលបម្រើការងារ ចំនួន ៣៣២៤នាក់ នៅតាមបណ្តាអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ក៖ លក្ខខណ្ឌនៃការជ្រើសរើស
* បេក្ខជនត្រូវមានសញ្ជាតិខ្មែរ មានអាយុយ៉ាងតិច១៨ឆ្នាំ មានសញ្ញាបត្រ
ឬវិញ្ញាបនបត្រមានតម្លៃ ស្មើស្របតាមជំនាញ ដែលត្រូវជ្រើសរើស
និងមានការទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ឬក្រសួងសុខាភិបាល។
* ត្រូវបានលើកលែងលក្ខខណ្ឌអាយុ
ចំពោះបេក្ខជនជាមន្ត្រីរាជការគ្រប់មុខតំណែង និងបេក្ខជនជា និស្សិតបញ្ចប់ការសិក្សាដែលប្រឡងចូលក្របខណ្ឌក្នុងមុខតំណែងវិជ្ជាជីវៈសុខាភិបាល។
មុខតំណែងវិជ្ជាជីវៈក្រៅពីសុខាភិបាល ត្រូវបានកំណត់អាយុគិតមកដល់ថ្ងៃប្រឡងដូចខាងក្រោម៖
– បេក្ខជនដែលមានកម្រិតបណ្តុះបណ្តាល ចាប់ពីសញ្ញាបត្រថ្នាក់បណ្ឌិតឡើងទៅ
ត្រូវបានលើក លែងលក្ខខណ្ឌអាយុ
– បេក្ខជនដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬសមមូល
ត្រូវមានអាយុច្រើនបំផុត ៤០ឆ្នាំ
– បេក្ខជនដែលមានសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ ឬសមមូល
ត្រូវមានអាយុច្រើនបំផុត ៣៥ឆ្នាំ។
* បេក្ខជនជាមន្ត្រីរាជការ (ដែលបានតាំងស៊ប់ក្នុងក្របខណ្ឌរួចហើយ ត្រូវមានលិខិតអនុញ្ញាត ពីប្រធានក្រសួង-ស្ថាប័ន/ អង្គភាពសាមី ទើបមានសិទ្ធិចូលរួមក្នុងការប្រឡងនេះ។
* បេក្ខជនដែលប្រឡងជាប់ ត្រូវមានព្រឹត្តិបត្រថ្កោលទោសបញ្ជាក់ថា គ្មានទោស (យកក្រោយ ពេលប្រឡងជាប់)។
ខ៖ វិញ្ញាសាប្រឡង៖ វិញ្ញាសាប្រឡងមានមុខវិជ្ជាជំនាញវិជ្ជាជីវៈ និងចំណេះដឹងទូទៅ ដែលមានរយៈពេល២ម៉ោង។
គ៖ ការដាក់ពាក្យស្នើសុំចុះឈ្មោះប្រឡងប្រជែង៖
* ចំពោះពាក្យស្នើសុំប្រឡងប្រជែង
បេក្ខជនអាចទាញយកពីតំណភ្ជាប់វេបសាយ (website៖ www.moh.gov.kh)
ឬ
Google Drive មានតំណភ្ជាប់ QR Code ខាងក្រោម
ឬFacebook ផ្លូវការរបស់នាយកដ្ឋាន គ្រប់គ្រងបុគ្គលិក ឬ
មកទទួលពាក្យនៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិក (ជាន់ផ្ទាល់ដី) នាទីស្ដីការ ក្រសួងសុខាភិបាល
ដែលមានអាសយដ្ឋាន វិថីសម្តេច ប៉ែន នុត សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
* បេក្ខជនជានិស្សិតបញ្ចប់ការសិក្សា ឬជាមន្ត្រីរាជការ ដែលមានបំណងចង់ប្រឡងប្រជែងចូល ក្របខណ្ឌសុខាភិបាល សូមទំនាក់ទំនងដាក់ពាក្យសុំចុះឈ្មោះប្រឡងរៀងរាល់ម៉ោងធ្វើការ នៅ នាយកដ្ឋានគ្រប់គ្រងបុគ្គលិក នាទីស្តីការក្រសួងសុខាភិបាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូត ផុតកំណត់នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៧:០០នាទី៕