(ពោធិ៍សាត់)៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយមូល ដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធានក្រុមការងារ ចុះជួយមូលដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិក សមាជិកា ប្រមាណជិត១ពាន់នាក់។
បន្ទាប់ពីបានអានសេចក្តីជូនដំណឹង ស្តីពីផែនការរបស់គណៈកម្មាធិការ គណបក្សគណបក្ស ប្រជាជនកម្ពុជា ឆ្ពោះទៅដណ្ដើមជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នោះរួចមកឯកឧត្តម ស៊ុយ សែម បានបញ្ជាក់បន្ថែម អំពីខ្លឹមសារ នៃផែនការរបស់គណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជា និងលើកពីចំណុចសំខាន់ៗមួយចំនួន ដែលជាទិសដៅអាទិភាព ពាក់ព័ន្ធទៅនឹងក្របខណ្ឌរបស់គណបក្ស ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាពេលខាងមុខ។
ឯកឧត្តម រដ្ឋមន្ត្រី បានបន្ថែមថា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា បានដាក់គោលដៅថា នឹងប្រជែងយកអាសនៈទាំងអស់នៅខេត្តពោធិ៍សាត់ នៃលទ្ធផលលើការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៧ នាពេលខាងមុខ, ដូច្នេះក្នុងនាមជាសមាជិក សមាជិកាគណបក្ស យើងត្រូវរួមចំណែកទទួលខុសត្រូវលើលទ្ធផលនៃការបោះឆ្នោតនេះ។
ជាមួយគ្នានោះ ឯកឧត្តម ក៏បានជំរុញដល់ក្រុមការងារគណបក្ស ត្រូវធ្វើការត្រួតពិនិត្យសមាជិក សមាជិកា ដោយយកចិត្តទុកដាក់ខ្ពស់ និងខិតខំបញ្ជូលសមាជិកថ្មី ដែលជាយុវជន ឱ្យក្លាយជា កម្លាំងមួយក្នុងការចូលរួម និងធ្វើឱ្យគណបក្សមានប្រជាប្រិយភាព ទទួលបានការគាំទ្រកាន់តែខ្លាំង។
ឯកឧត្តម រដ្ឋមន្ត្រី ស៊ុយ សែម បានសង្កត់ធ្ងន់ថា «មន្ត្រីគណបក្សគ្រប់ថ្នាក់ ត្រូវតែខិតខំចាប់ពីពេល នេះតទៅ ក្នុងការធ្វើសកម្មភាព រក្សាសមាជិកចាស់ និងបង្កើនថ្មី ហើយខិតខំធ្វើអំពើល្អជាមួយ ប្រជាជន កាត់បន្ថយភាពអសកម្ម ខិតខំបម្រើសេវាល្អដល់ប្រជាជន»។ ឯកឧត្តមក៏បានកោតសរសើរដល់ប្រធាន អនុប្រធាន ក្រុមការងារគណបក្ស ចុះជួយមូលដ្ឋាន និងសមាជិកគណបក្សគ្រប់ជាន់ថ្នាក់ ដែលបានបំពេញតួនាទី ភារកិច្ច ដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋ ដូចជាការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩កន្លងមក។
ឯកឧត្តម សូមស្នើដល់ប្រធាន អនុប្រធាន ក្រុមការងារគណបក្ស ចុះជួយមូលដ្ឋាន និងសមាជិក គណបក្សគ្រប់ជាន់ថ្នាក់ ទាំងអស់ សូមបន្តរក្សាសាមគ្គីភាព និងបន្តយកចិត្តទុកដាក់ ក្នុងការបម្រើ ប្រជាពលរដ្ឋឱ្យបានល្អ ដើម្បីបន្តទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ៕