គ្រាប់រ៉ុក្កែតរបស់រុស្ស៉ី ផ្ដាច់ជីវិតមនុស្ស ២២នាក់ ក្នុងថ្ងៃបុណ្យឯករាជ្យជាតិរបស់អ៊ុយក្រែន, នេះបើតាមលោក ហ្សេលេនស្គី


 (កៀវ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២ អោយដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យ ដឹងនៅថ្ងៃពុធសប្ដាហ៍នេះថាមនុស្សយ៉ាងហោចណាស់ ២២នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់ ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែតពីសំណាក់ទាហានរុស្ស៉ី លើស្ថានីយ រថភ្លើងមួយកន្លែងរបស់អ៊ុយក្រែន។

ថ្លែងនៅក្នុងសុន្ទរកថាជាវីដេអូមួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក ហ្សេលេនស្គី បានឱ្យដឹងទៀតថាទាហានរុស្ស៉ីបានបាញ់ គ្រាប់រ៉ុក្កែតចំរថភ្លើងមួយគ្រឿង នៅឯ ស្ថានីយរថភ្លើង ក្នុងទីក្រុងឆាបលីន (Chaplyne) ដែលស្ថិតនៅចម្ងាយប្រហែល ១៤៥គីឡូម៉ែត្រ ពីភាគខាងលិច នៃតំបន់ដូណេត ភាគខាងកើតនៃប្រទេស។ «ទីក្រុងឆាបលីន គឺជាការឈឺចាប់របស់ យើងនៅថ្ងៃនេះ (ថ្ងៃពុធ) ដោយមានមនុស្សយ៉ាងហោច ២២នាក់ បានស្លាប់»។ នេះជាការគូសបញ្ជាក់របស់លោក ហ្សេលេនស្គី ជាមួយការបន្ថែមថារុស្ស៉ីនឹងត្រូវទទួលខុសត្រូវ ចំពោះទង្វើដែលខ្លួនបានធ្វើ។

សូមបញ្ជាក់ថា ខាងក្រសួងការពារជាតិរុស្ស៉ី មិនបានធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹងការអះអាង របស់លោក ហ្សេលេនស្គីនោះទេ ខណៈការវាយប្រហារ កាលពីថ្ងៃពុធ កើតមានឡើងចំថ្ងៃដែលអ៊ុយ ក្រែនប្រារព្ធបុណ្យឯករាជ្យជាតិដែលខ្លួនទទួលបានពីអតីតសហភាពសូវៀត ហើយក៏ជាថ្ងៃដែល សង្រ្គាម អ៊ុយក្រែន ឈានចូលដល់ខែទី៦ ផងដែរ៕