ក្រសួងព័ត៌មាន នឹងអនុវត្តតាមនីតិវិធី និងបទដ្ឋានគតិយុត្ត លើអ្នកព័ត៌មាន ឬអង្គភាពព័ត៌មាន ប្រើពាក្យអសុរស និងជេរប្រមាថ

(ភ្នំពេញ)៖ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានថ្លែងប្រាប់ថា ក្រសួងព័ត៌មាន នឹងអនុវត្តទៅតាមនីតិវិធី និងបទដ្ឋានគតិយុត្ត ទៅលើអ្នកសារព័ត៌ មាន ឬអង្គភាពសារព័ត៌មានទាំងឡាយណា ដែលប្រើពាក្យអសុរស និងជេរប្រមាថ ក្នុងការផ្សព្វ ផ្សាយព័ត៌មាន។

លោកបានបញ្ជាក់ថា «ក្នុងករណីអ្នកសារព័ត៌មាន ឬអង្គភាពសារព័ត៌មាន ធ្វើអត្ថាធិប្បាយ ឬផ្សព្វ ផ្សាយលើបណ្តាញផ្សព្វផ្សាយ ដោយប្រើពាក្យអសុរស និងពាក្យជេរប្រមាថនោះ គឺក្រសួងនឹងអនុវត្ត ទៅតាមនីតិវិធី និងបទដ្ឋានគតិយុត្ត ដែលមានជាធរមាន»

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំទៅកាន់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ត្រូវបិទអាជ្ញាប័ណ្ណចោលនូវប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងឡាយណា ដែល ប្រើប្រាស់នូវពាក្យជេរប្រមាថអ្នកដទៃ។ ការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្រោយក្រសួងព័ត៌មាន បានបិទចោលនូវអាជ្ញាបណ្ណសារព័ត៌មានរបស់លោក សាន្ដ ប៊ុនធឿន កាល ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីលោកបានឡាយតាមរយៈទំព័រព័ត៌មានរបស់ខ្លួន ប្រើ ប្រាស់នូវពាក្យសម្ដីមិនសមរម្យ និងជេរប្រមាថអ្នកដទៃ។

បើតាមលោក មាស សុភ័ណ្ឌ បានឲ្យដឹងថា ៨ខែ ឆ្នាំ២០២២នេះ ក្រសួងព័ត៌មាន ទើបតែលុបអាជ្ញា បណ្ណដល់អង្គភាពផ្សព្វផ្សាយព័ត៌មាន ដែលបានផ្សព្វផ្សាយ ឬធ្វើអត្ថាធិប្បាយ លើប្រព័ន្ធផ្សព្វផ្សាយ របស់ខ្លួន ដោយប្រើប្រាស់ពាក្យអសុរស និងពាក្យជេរប្រមាថ ទើបតែ ១ករណីនេះទេ គឺករណីរបស់ លោក សាន្ត ប៊ុនធឿន។

ប៉ុន្តែលោកអះអាងថា ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ ក្រសួងព័ត៌មាន បានដកអាជ្ញាបណ្ណបាន ៧ករណី ដែលពាក់ព័ន្ធនឹងអង្គភាពផ្សព្វផ្សាយ ធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត និងព័ត៌មានញុះញង់ ដែលប៉ះពាល់ទៅដល់សណ្តាប់ធ្នាប់ និងសន្តិសុខជាដើម។

អ្នកនាំពាក្យរបស់ក្រសួងព័ត៌មាន បានចាត់ទុកថា ការបិទអាជ្ញាបណ្ណលោក សាន្ត ប៊ុនធឿន ក៏ជា ការដាស់តឿនដល់អ្នកសារព័ត៌មាន ឬអង្គភាពសារព័ត៌មានដទៃទៀត។ លោក មាស សុភ័ណ្ឌ ថែមទាំងបានអំពាវនាវឲ្យ អ្នកសារព័ត៌មាន ឬអង្គភាពសារព័ត៌មាន គោរពឲ្យបានខ្ជាប់ខ្ជួន ច្បាប់ស្តីពីរ បបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានផងដែរ៕