ឥណ្ឌូនេស៊ីកំពុងព្យាយាមទាញទឹកចិត្ត Tesla ឱ្យទៅផលិតរថយន្តអគ្គិសនីលើទឹកដីខ្លួន


 (បរទេស)៖  យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២២ អោយដឹងថា ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ីមានបំណងចង់ឱ្យក្រុមហ៊ុន Tesla Inc. ទៅផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសរបស់លោក ដោយមិនមែនមានត្រឹមតែការផលិតតអាគុយ អគ្គិសនីនោះទេ។ ខណៈលោកបានលើកឡើងថា ឥណ្ឌូនេស៊ីបានត្រៀមខ្លួនជារួចស្រេចក្នុងពេល វេលាសមស្របណាមួយដើម្បីបញ្ចុះបញ្ចូលលោក Elon Musk ឱ្យមើលឃើញថាប្រទេសរបស់ លោកជាឃ្លាំងផ្ទុកធនធានដ៏សម្បូរបែប។ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានលើក ឡើងនៅក្នុងបទសម្ភាសន៍ជាមួយ Bloomberg មួយថា «អ្វីដែលយើងចង់បានគឺរថយន្តអគ្គិសនី មិនមែនអាគុយនោះទេ សម្រាប់ក្រុមហ៊ុន Tesla យើងចង់ឱ្យពួកគេផលិតរថយន្តអគ្គិសនីនៅក្នុង ប្រទេសឥណ្ឌូនេស៊ីជាពិសេសគឺយើងចង់បានប្រព័ន្ធអេកូឡូស៊ីដ៏ធំនៃរថយន្តអគ្គិសនី» ជាជាងការទាញយកធនធានធម្មជាតិរបស់យើងដើម្បីផលិតតែអាគុយ។

យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា ឥណ្ឌូនេស៊ីជា ធ្លាប់បានបញ្ចុះបញ្ចួលក្រុមហ៊ុន Tesla រួចមកហើយសម្រាប់ការងាកទៅវិនិយោគក្នុងឧស្សាហកម្មនីកែលរបស់ខ្លួន ក្នុងការផលិត និងផ្គត់ ផ្គង់ សម្រាប់រថយន្តអគ្គិសនី ខណៈបច្ចុប្បន្ននេះ Tesla បានឈានដល់កិច្ចព្រមព្រៀងដែលមាន តម្លៃប្រមាណ៥ពាន់លានដុល្លារដើម្បីទិញតែផលិតផលនីកែលប៉ុណ្ណោះពីប្រទេសដែលសម្បូរធនធាននេះ ក្នុងកិច្ចសន្យារយៈពេល ៥ឆ្នាំ។ តែយ៉ាងណាមិញក្នុងនោះលោក Joko Widodo ក៏បាន បញ្ជាក់ដែលថាប្រទេសឥណ្ឌូនេស៊ីកំពុងពិចារណាដាក់ពន្ធលើការនាំចេញនៅឆ្នាំនេះដើម្បីបង្កើនប្រាក់ចំណូលក្នុងប្រទេស ដែលទំនងជាអនុវត្តចាប់ពីត្រីមាសទី៣ ខាងមុខនេះ។

គួរបញ្ជាក់ដែរថា លោក Joko Widodo បានជួបជាមួយ CEO ក្រុមហ៊ុន Tesla លោក Elon Musk រួចទៅហើយកាលពីខែឧសភាកន្លងទៅ ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីបង្រួបបង្រួមទស្សនវិស័យវិនិ យោគ ហើយបានអញ្ជើញ Musk ឱ្យទៅទស្សនកិច្ចប្រទេសឥណ្ឌូនេស៊ីក្នុងខែវិច្ឆិកាខាងមុខនេះ៕