កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងធ្វើឡើងពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា


 (ភ្នំពេញ)៖ កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ។ នេះបើតាម ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការជាតិ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ថ្លែងប្រាប់អោយដឹង ។

កម្ពុជានិងប្រទេសដែលត្រូវចូលរួមកិច្ចប្រជុំកំពូលនេះ បានពិភាក្សាគ្នាបណ្តើរៗហើយ ពីការត្រៀម ខ្លួនទទួលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេស ដែលត្រូវចូលរួមប្រជុំក្របខណ្ឌអាស៊ាន។ ជាក់ស្តែង នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ ឯកឧត្តម លុយ ដាវីត បានទទួលជួបគណៈ ប្រតិភូអាមេរិកដឹកនាំដោយ លោក Ryan Montoya ជំនួយការរបស់ប្រធានាធិបតីអាមេរិក និងបាន ពិភាក្សាអំពីការត្រៀមលក្ខណៈ សម្រាប់ការចូលរួមរបស់ថ្នាក់ដឹកនាំអាមេរិក នៅក្នុងកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម លុយ ដាវីត ក៏បានទទួលជួបលោក TANINAI Ichitomo រដ្ឋមន្ត្រី/អនុប្រធានបេសកកម្មជប៉ុនប្រចាំកម្ពុជា ដែលចូលសម្តែងការគួរសម ក៏ដូចជា បង្ហាញការប្តេជ្ញាចិត្ត ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា លើការរៀបចំសម្រាប់ការចូលរួមរបស់ គណៈ ប្រតិភូជាន់ខ្ពស់ជប៉ុន នៅក្នុងកំពូលប្រជុំកំពូលអាស៊ាន លើកទី៤០ និង ៤១ កិច្ចប្រជុំកំពូលពាក់ ព័ន្ធ។

គួររំលឹកថា កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០០២ និង ២០១២ ហើយសម្រាប់ឆ្នាំ២០២២នេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំដ៏ធំនេះដែរ ក្រោមប្រធានបទ «ASEAN A.C.T: ដោះស្រាយបញ្ហាប្រឈម រួមគ្នា»៕