សម្តេចតេជោ ហ៊ុន សែន​ លើកឡើងថា ការឡើងថ្លៃប្រេងឥន្ធនៈ បង្កឱ្យមានអតិផរណាខ្ពស់គ្រប់កន្លែង ជាពិសេស អាមេរិក និងសហភាពអឺរ៉ុប ជំរុញឱ្យធនាគារកណ្តាល ដំឡើងអត្រាការប្រាក់


 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការកើនឡើងនៃថ្លៃប្រេង ឥន្ធនៈ បានបង្កឱ្យមានអតិផរណាខ្ពស់ នៅគ្រប់ទីកន្លែង ជាពិសេសសហរដ្ឋអាមេរិក និងសហភាព អឺរ៉ុប ដែលបានជំរុញឱ្យធនាគារកណ្តាល ត្រូវបង្ខំចិត្តដំឡើងអត្រាការប្រាក់។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញ ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ នៅវិមាន សន្តិភាព។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ស្របពេលដែលជំងឺកូវីដ-១៩ បានថមថយ តែមិនទាន់បានបញ្ចប់នៅឡើយ សកលលោកទាំងមូលក៏បាននិងកំពុងជួបប្រទះ នឹង បញ្ហាប្រឈមដ៏គួរឱ្យព្រួយបារម្ភជាច្រើនផ្សេងទៀត ដែលអាចបន្ទច់បង្អាក់សម្ទុះនៃការងើបឡើងវិញ នៃសង្គម-សេដ្ឋកិច្ចសកល។ ជាក់ស្តែងការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ បានបង្កឱ្យមានអតិផរណាខ្ពស់ នៅគ្រប់ទីកន្លែង ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលបានជំរុញឱ្យធនាគារកណ្តាល ត្រូវបង្ខំចិត្តដំឡើងអត្រាការប្រាក់ ដើម្បីទប់ស្កាត់ការបន្តកើនឡើងនៃអតិផរណា ដែលការណ៍នេះ អាចនឹងធ្វើឱ្យតម្រូវការសកលធ្លាក់ចុះ»

សម្តេចតេជោបន្តថា ជាងនេះទៅទៀត អតិផរណាខ្ពស់ ក៏បាន និងកំពុងដាក់សម្ពាធកាន់តែខ្លាំង ឡើង មកលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនយើងផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ និងពិបាកប៉ាន់ប្រមាណ នេះ យើងត្រូវការជាចាំបាច់នូវកិច្ចសហការ និងការចេះជួយគ្នាទៅវិញទៅមក ជាងពេលណាៗទាំង អស់។ ក្នុងស្មារតីនេះ សម្តេចតេជោលើកទឹកចិត្តឲ្យមានការចាត់ទុកសុខុមាលភាពរបស់ប្រជាជន និងសុខភាពសាធារណៈ ជាអាទិភាពខ្ពស់បំផុត ប្រកាន់ខ្ជាប់ជានិច្ចនូវស្មារតីជួយគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការលើកគ្រប់វិស័យ។

សម្តេចតេជោបន្ថែមថា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជានឹងខិតខំពង្រឹងសហកិច្ច ប្រតិបត្តិការ នៅក្នុងតំបន់អាស៊ាន ក៏ដូចរវាងអាស៊ាន-សហភាពអឺរ៉ុប និងរវាងអាស៊ាន-អេស្ប៉ាញ ផងដែរ៕