ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំនួយអេស្ប៉ាញ ចំនួន ៣០ម៉ឺនដូស


 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជន អេស្ប៉ាញ។ ពិធីនេះនឹងធ្វើឡើងនៅវិមានសន្តិភាព។

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនកូនក្មេងចំនួន ៣០ម៉ឺនដូស ដែលជា ជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញនេះ បានដឹកមកដល់ប្រទេសកម្ពុជានៅវេលារំលង អាធ្រាត្រថ្ងៃទី១៦ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេ ខាធិការក្រសួងសុខាភិបាល បានចេញទៅទទួល និងរៀបចំទុកដាក់វ៉ាក់សាំងនោះទាំងយប់ផងដែរ។ បើតាមលោកជំទាវ យក់ សម្បត្តិ បានឱ្យដឹងថា វ៉ាក់សាំងនេះ គឺជាជំនួយទ្វេភាគី។

លោកជំទាវ យក់ សម្បត្តិ បានឱ្យដឹងថា មកដល់ពេលនេះកម្ពុជា ទទួលបានវ៉ាក់សាំងសរុបប្រមាណ ៧៤លានដូស ហើយកំពុងសល់នៅក្នុងឃ្លាំងជាង ៧.៦លានដូស។

វ៉ាក់សាំង គឺជាបង្អែកដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាការពារអាយុជីវិតប្រជា ពលរដ្ឋពីជំងឺឆ្លងសាកលមួយនេះ។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជា អគ្គមេបញ្ជាការកំពូលក្នុងសង្គ្រាមកូវីដ១៩ បានផ្តល់តម្លៃខ្ពស់បំផុតលើការងារចាក់វ៉ាក់សាំង ដើម្បី លុបបំបាត់ជំងឺកូវីដ១៩ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងការអំពាវនាវឱ្យពលរដ្ឋអនុវត្តន៍វិធានសុខាភិបាលក្នុងការការពារជំងឺកូវីដ១៩ហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំងតាមយុទ្ធសាស្ត្រ ផ្ការីក។ តាមរយគោលនយោបាយចាក់ស្រោចវ៉ាក់សាំងនេះ បានធ្វើឱ្យកម្ពុជាឈានទៅទទួលបាន ជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

របាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា មកដល់ពេលបច្ចុប្បន្នកម្ពុជា ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋបានជាង ៩៤ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប។ ក្នុងនោះ ដូសទី១ បានជាង ១៥លាននាក់, ដូសទី២ បានជាង ១៤លាននាក់, ដូសទី៣ បានជិត ១០លាននាក់, ដូសទី៤ បាន ជិត ៤លាននាក់ និងដូសទី៥ បានជាង ៥៥ម៉ឺននាក់។

បើទោះបីជាពេលបច្ចុប្បន្នស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ បានថមថយយ៉ាងណាក្តី តែ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំ នៅតែបន្តប្រកាន់ យកនូវនយោបាយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋសម្រាប់ដូសជំរុញជាបន្តបន្ទាប់ ដរាបណាជំងឺកូវីដ ១៩មិនទាន់បាត់ពីភពផែនដីទេនោះ។ សម្តេចតេជោ ហ៊ុន សែន តែងបានអំពាវនាវដល់ពលរដ្ឋឱ្យ ទៅទទួលវ៉ាក់សាំងដូសជំរុញ ដើម្បីបង្កើនកងការពារសុខភាពពីជំងឺកូវីដ១៩។

សូមបញ្ជាក់ថា កម្ពុជា មិនត្រឹមតែជាប្រទេសដែលទទួលបានជោគជ័យលើការងារគ្រប់គ្រងការ រាតត្បាតជំងឺកូវីដ១៩ប៉ុណ្ណោះទេ។ តាមការវាយតម្លៃរបស់ក្រុមហ៊ុនផ្សព្វផ្សាយ Nikkei របស់ជប៉ុន បានរកកម្ពុជា ក៏ជាប្រទេសដែលស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩ បានល្អប្រសើរជាងគេ ផងដែរ៕