ថៃកំណត់ទិសដៅវិនិយោគ ៦២ប៊ីលានដុល្លារនៅតំបន់ឧស្សាហកម្មភាគខាងកើត


(បាងកក)៖ មន្ត្រីរដ្ឋាភិបាលថៃបានឱ្យដឹងនៅថ្ងៃច័ន្ទថា ប្រទេសថៃមានបំណងវិនិយោគទឹកប្រាក់ ចំនួន ២,២ទ្រីលានបាត (៦១,៩៧ប៊ីលានដុល្លារ) នៅក្នុងតំបន់ឧស្សាហកម្មភាគខាងកើតរបស់ ប្រទេសក្នុងរយៈពេល ៥ឆ្នាំខាងមុខ ខណៈដែលប្រទេសនេះព្យាយាមជំរុញកំណើនសេដ្ឋកិច្ច រយៈពេលវែង។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Thanakorn Wangboonkongchana ដែលបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផែន ការឆ្នាំ២០២៣-២០២៧ នៅក្នុងតំបន់ឧស្សាហកម្មច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) នឹងរួមបញ្ចូលការវិនិយោគនានាដូចជារថយន្តអគ្គិសនី និងបច្ចេកវិទ្យាវេជ្ជសាស្រ្តជដើម។

លោកបានឱ្យដឹងថា រដ្ឋាភិបាលថៃរំពឹងថានឹងមានការវិនិយោគពី ៤០០ប៊ីលានបាត ទៅ ៥០០ ប៊ីលានបាត (១១,២៧ប៊ីលានដុល្លារ ទៅ ១៤,០៨ប៊ីលានដុល្លារ) ក្នុងមួយឆ្នាំ ដែលនឹងជួយឱ្យសេដ្ឋ កិច្ចកើនឡើង ៥ភាគរយក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៤ទៅ។

លោកបានបន្តថា ស្ថិតក្រោមផែនការឆ្នាំ២០១៨-២០២២បច្ចុប្បន្ន ការវិនិយោគនៅក្នុងតំបន់ឧស្សា ហកម្ម EEC បានឈានដល់ ១,៨ទ្រីលានបាត ដែលលើសពីទិសដៅ ១,៧ទ្រីលានបាត។

តំបន់ឧស្សាហកម្ម EEC ដែលគ្របដណ្តប់ខេត្តចំនួនបីនៅភាគខាងកើតនៃរាជធានីបាងកក គឺជា ចំណុចផ្តោតនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលថៃក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកទឹក ចិត្តការវិនិយោគ ជាពិសេសឧស្សាហកម្មបច្ចេកវិទ្យាទំនើប។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ គឺ ទីភ្នាក់ងាររៀបចំផែនការរបស់រដ្ឋាភិបាលថៃព្យាករនៅថ្ងៃ ចន្ទថា សេដ្ឋកិច្ចធំទីពីររបស់តំបន់អាស៊ី អាគ្នេយ៍មួយនេះរំពឹងថានឹងកើនឡើង ២,៧ភាគរយទៅ ៣,២ភាគរយនៅឆ្នាំនេះ៕