(សិង្ហបុរី)៖ យោងតាមកាសែត Channel New Asia បានអោយដឹងថាក្រុមហ៊ុនព្រលានយន្តហោះ Changi Airport Group (CAG) របស់សិង្ហបុរីបានឱ្យ ដឹងថា ចរាចរណ៍អ្នកដំណើរតាមផ្លូវអាកាស ក្នុងប្រទេសសិង្ហបុរីនៅក្នុងខែមិថុនាបានកើនឡើងដល់ ៥០,៣ភាគរយនៃកម្រិតមុនពេលមាន ការរាតត្បាត ក្នុងគ្រាដែលតម្រូវការធ្វើដំណើរវិលត្រឡប់មកវិញ។ កាសែត Channel New Asia បានរាយការណ៍ដោយដកស្រង់ទិន្នន័យពីក្រុមហ៊ុន CAG ថា អាកាសយានដ្ឋាន Changi បាន ទទួលលំហូរចូលអ្នកដំណើរចំនួន ២,៩៣លាននាក់ក្នុងខែមិថុនា ធៀបនឹង ៥,៨លាននាក់ក្នុងខែ មិថុនា ឆ្នាំ២០១៩។
ទិន្នន័យពីក្រុមហ៊ុន ក្រុមហ៊ុន CAG បានបង្ហាញថា ចរាចរណ៍យន្តហោះរួមទាំងការចុះចត និងការ ហោះឡើងសរុបមានចំនួន ១៨ ៤០០ជើង ឬប្រហែល ៥៨,៦ភាគរយនៃកម្រិតមុនពេលមានការរាត ត្បាតជំងឺក្នុងខែមិថុនា ឆ្នាំ២០១៩។ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានមានចំនួន ១៦៣ ០០០តោនសម្រាប់ខែមិថុនាឆ្នាំនេះ កើនឡើង ១,៤ភាគរយធៀបនឹងរយៈពេលដូចគ្នាកាល ពីឆ្នាំ មុន។ លោក Lim Ching Kiat នាយកគ្រប់គ្រងសម្រាប់ការអភិវឌ្ឍន៍មណ្ឌលអាកាសចរណ៍នៅ ក្រុមហ៊ុន CAG បាននិយាយថា៖ «យើងត្រូវបានលើកទឹកចិត្តដោយការកើនឡើងជាលំដាប់នៃចរាចរណ៍អ្នកដំណើរ ព្រោះវាជាសញ្ញា មួយដែលបង្ហាញថា យើងកំពុងត្រលប់ទៅរកគន្លងកំណើនឆ្ពោះទៅរកកម្រិតមុនការរាតត្បាតជំងឺ»។
ចរាចរណ៍អ្នកដំណើរសរុបនៅត្រីមាសទី២ ពោលគឺចាប់ពីខែមេសាដល់ខែមិថុនាឆ្នាំនេះមានចំនួន ៧,៣៣លាននាក់ធ្លាក់ចុះ ៤៣,៦ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ តែកើនឡើង ១៤ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចរាចរណ៍យន្តហោះមានចំនួន ៥០ ៥០០ជើងក្នុងរយៈពេលដូចគ្នា ដែលស្មើនឹង ៥៣,៥ភាគរយ នៃកម្រិតមុនពេលមានវិបត្តិកូវីដ-១៩ និងកើនឡើង ៩៦,៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាល ពីឆ្នាំមុន។ នេះបើយោងតាមកាសែត Channel News Asia៕