(កំពង់ធំ)៖ ឯកឧត្តម ជា ចាន់តូ សមាជិកគណៈអចិន្ដ្រៃគណៈកម្មាធិការកណ្ដាល គណបក្សប្រ ជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានលើកយកទិសដៅការងារមួយចំនួន របស់គណបក្សប្រជាជនកម្ពុជា មកបញ្ជាក់ជូន ដល់ស មាជិកសមាជិកា គណបក្សក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីត្រៀតលក្ខណ: សម្រាប់តម្រង់ឆ្ពោះ ទៅកាន់ ការបោះឆ្នោតជ្រើសរើសតាំង តំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣ ឲ្យទទួលជោគជ័យ និងលទ្ធផលកាន់តែល្អប្រសើរ។
ទិសដៅការងារឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣ នេះ ត្រូវបានលោក ជា ចាន់តូ លើកយកមក ជម្រាប់ជូនសមាជិកសមាជិកាបក្សនៅក្នុងឱកាសដែល អញ្ជើញ ជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី លទ្ធផលនៃសន្និបាតគណៈកម្មាធិការ កណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមការងារគណបក្ស ស្រុកស្ទោង ខេត្តកំពង់ធំ ដែលរៀចំឡើងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នៅទីស្នាក់ការគណបក្សស្រុកស្ទោង។
ឯកឧត្តម ជា ចាន់តូ បានបង្ហាញនូវមោទនភាពថា ជ័យជម្នះយ៉ាងត្រចះត្រចង់ របស់គណបក្សប្រជា ជនកម្ពុជាទទួលបានក្នុងការបោះឆ្នោតលជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងមកនេះ ជាការបញ្ជាក់ឲ្យយ៉ាងច្បាស់ពីការបន្តគោរព ស្រលាញ់ គាំទ្រ និងជឿជាក់ពីសំណាក់ ប្រជាពលរដ្ឋទូទាំងប្រទេស មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ជាមួយនេះដែរក៏អាចវាយតម្លៃបានទៀតថា ប្រជាពលរដ្ឋកម្ពុជាយើងម្នាក់ៗ បច្ចុប្បន្នមានការយល់ ដឹងខ្ពស់ និងចេះប្រើប្រាស់សិទ្ធិរបស់ខ្លួន បានត្រឹមត្រូវមិនចាញ់បោក តាមការឃោសនាភូតកុហក់ របស់ជនអគិតមួយចំនួនទៀតទេ ទោះបីជាក្រុមទាំងនោះបានប្រើប្រាស់នូវមធ្យោបាយទុច្ចរិត និង គ្រប់រូបភាពឃោសនាពិសពុលបែបណាក៏ដោយ។
ឯកឧត្តម ជា ចាន់តូ បានបន្តទៀតថា កត្តាដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យ ជម្នះកន្លងមកនេះ ក៏មិនអាចកាត់ផ្តាច់ និងមើលរំលងពីកិច្ចខិតខំប្រឹងប្រែង ពីការចូលរួមចំណែក យ៉ាងសកម្ម និងដ៏ធំធេងពីសំណាក់ក្រុមការងារគ្រប់ជាន់ថ្នាក់របស់គណបក្សទាំងអស់ ដែលបាន លះបង់ទាំងកម្លាំងកាយចិត្ត និងមិនខ្លាចពីការនឿយហត់នោះបានឡើយ។
ក្នុងឱកាសនោះដើម្បីឲ្យក្រុមការងារគណបក្ស ស្រុកស្ទោង បានយល់កាន់តែច្បាស់ថែមទៀត ពី សមិទ្ធផលរបស់គណបក្សសម្រេចបានកន្លងមកលោក បានលើកយកនូវខ្លឹមសារលម្អិតនិង សំខាន់ ៗនៃលទ្ធផលសន្និបាត និងចំណុចសំខាន់ៗមួយចំនួនទៀតក្នុងនោះក៏បានលើកយក ទិសដៅអា ទិភាពពាក់ព័ន្ធទៅនឹងក្របខណ្ឌ របស់គណបក្ស សម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ មកជម្រាបជូន ដល់កិច្ចប្រជុំផងដែរ៕