រុស្ស៊ី ថាលោកខាងលិច អាចនឹងបង្កឱ្យមានសង្រ្គាមនុយក្លេអ៊ែរ នៅអ៊ុយក្រែន


 (យូអិន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២ គឺ មន្ត្រីទូតរុស្ស៉ីម្នាក់ ប្រចាំអង្គការសហប្រជាជាតិបាននិយាយថាសង្រ្គាមសព្វថ្ងៃនៅ អ៊ុយក្រែន មិនតម្រូវឱ្យរុស្ស៉ីប្រើអាវុធនុយក្លេអ៊ែរឡើយ តែទីក្រុងមូស្គូ នឹងសម្រេចចិត្តប្រើអាវុធនុយ ក្លេអ៊ែរ ជាការឆ្លើយតបទៅនឹងការឈ្លានពានដោយផ្ទាល់ ណាមួយពីសំណាក់បណ្ដាប្រទេសជា សមាជិកណាតូ (NATO)។

លោក អាឡិចហ្សាន់ឌឺ ត្រូហ្វីម៉ូវ (Alexander Trofimov) ជាមន្ត្រីទូតរុស្ស៉ីប្រចាំអង្គការសហប្រជា ជាតិ ធ្វើការកត់សម្គាល់ខាងលើនៅឯសន្និសីទស្ដីពីការ មិនរីកសាយភាពនុយក្លេអ៊ែរ នៅថ្ងៃអង្គារ សប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក ត្រូហ្វីម៉ូវ បានបញ្ជាក់ថារុស្ស៉ីអាចនឹងប្រើអាវុធនុយក្លេអ៊ែរ តែក្នុង ករណីដែលមានការគំរាមកំហែងធ្ងន់ធ្ងរដល់អាយុជីវិតជាតិតែប៉ុណ្ណោះ ហើយលោកក៏បាន ច្រានផងដែរការចោទប្រកាន់ថារុស្ស៉ីនឹងប្រើអាវុធនុយក្លេអ៊ែរ មុន នៅក្នុងសង្រ្គាមអ៊ុយក្រែន។

សូមបញ្ជាក់ថា រុស្ស៉ី នៅថ្ងៃអង្ការសប្ដាហ៍នេះបានចោទប្រកាន់ថាសហរដ្ឋអាមេរិក កំពុងលូកដៃ ដោយផ្ទាល់នៅក្នុងសង្រ្គាមអ៊ុយក្រែន។ ការលើកឡើង បែបនេះ គឺចង់សំដៅទៅលើការលើកឡើង របស់ក្រុមមន្ត្រីអ៊ុយក្រែនថាទីក្រុងកៀវ បាន និងកំពុងប្រើប្រាស់ប្រព័ន្ធមីស៊ីល HIMARS យ៉ាង មានប្រសិទ្ធភាពប្រឆាំងនឹងទាហានរុស្ស៉ី ហើយដែលត្រូវបានមូស្គូ បានព្រមានថាអាចនឹងបង្កឱ្យ មានសង្រ្គាមនុយក្លេអ៊ែរនៅអ៊ុយក្រែន៕